សៀមរាបៈ បុរសម្នាក់នាំកូនប្រុសទៅមើលមងដែលបានដាក់នៅក្នុងស្ទឹងស្រែង នៅត្រង់ចំណុចអូរ រកាខាងលិច ភូមិចម្ការចេកប្រហែល១៥០០ម៉ែត្រ ហើយបានវិលមុខដួលបណ្ដាលឲ្យធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោកវរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡែម ប៉េស ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប រីឯកូនដែល បានទៅជាមួយឪពុកមានឈ្មោះ អ៊ុន រស្មី ភេទប្រុស អាយុ១៣ឆ្នាំ។
តាមការឲ្យដឹងថាពីប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា គាត់ដែលជាប្រពន្ធបាននាំប្តីទៅច្រូតស្រូវ ពេលសម្រាកពីច្រូតស្រូវ ប្តីបាននាំកូនប្រុសម្នាក់ ទៅមើលមង ដែលបានដាក់នៅទីតាំងខាងលើ ពេលទៅបានមួយសន្ទុះស្រាប់តែកូនប្រុសរបស់គាត់បានរត់មកប្រាប់ម្តាយ និងអ្នកដែលទៅច្រូតស្រូវជាមួយឲ្យជួយឪពុកខ្ញុំផងគាត់ដួលធ្លាក់ចូលក្នុងទឹក បន្ទាប់មកបាននាំគ្នាទៅជួយភ្លាមៗផងដែរ ពេលទៅដល់ជនរងគ្រោះបានលិចទៅក្នុងទឹកបាត់ ហើយបាននាំគ្នាចុះជួយរាវរកមួយសន្ទុះទើបប្រទះឃើញសព។
ក្រោយពីសមត្ថកិច្ចនគរបាលបានចុះទៅធ្វើកោសល្យវិច័យ និង យោងទៅតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះផងនោះ សមត្ថកិច្ចនគរបាលយើងបានថា ជនរងគ្រោះបណ្ដាលមកពីកើតខ្យល់ ហើយដួលទៅក្នុងទឹកបណ្ដាលឲ្យលង់ស្លាប់ ខណៈពេលដែលមិនមានអ្នកណាម្នាក់មកជួយទាន់ពេលវេលា។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅបុណ្យតាមប្រពៃណី ៕
មតិយោបល់