កំពង់ស្ពឺៈ បុរសប្រមឹកម្នាក់ បានប្រើកាំបិតបុ័ងតោ កាប់ប្រហារប្រពន្ធយ៉ាងសាហាវបំផុត បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ករណីអំពើហិង្សានេះ បានកើតមានឡើងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច ក្នុងភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសប្រមឹកដែលប្រើហិង្សាកាប់លើប្រពន្ធយ៉ាងសាហាវ មានឈ្មោះ ភី ចាន់ថៃ អាយុ៣៩ឆ្នាំ ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ជី សុខាជា អាយុ៣៦ឆ្នាំ រងរបួសត្រង់ត្រចៀកខាងឆ្វេង ដើមដៃខាងស្ដាំ និងរងរបួសស្មាខាងស្ដាំជាទម្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យទទឹង។
សមត្ថកិច្ច បានបន្ដថា ជនរងគ្រោះ បានប្តឹងទៅលើប្តីរបស់ខ្លួនរួចហើយ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតបុ័ងតោកាប់ទៅប្រពន្ធរបស់ខ្លួនពិតប្រាកដមែន។ សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យជាមនុស្សប្រមឹកនោះមានជំងឺសរសៃប្រសាទប្រចាំកាយ ទើបយកកាំបិតបុ័ងតោកាប់ប្រហារយ៉ាងសាហាវតែម្ដង។ ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់តាមនីតិវិធី៕
មតិយោបល់