ព័ត៌មានជាតិ

ផ្ទះវេរលុយ «Wing» សូមប្រយ័ត្នល្បិចថ្មី​! ចូលទិញកាតទូរសព្ទ បន្លំលួចលុយអស់ជាង២ពាន់ដុល្លារ

កំពង់ធំ: ជនសង្ស័យ២នាក់ បានចូលទិញកាតទូរសព្ទនៅផ្ទះវេរលុយ​ «Wing» មួយកន្លែង ហើយ​បន្លំលួចលុយអស់ជាង២,០០០ដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលទាំង​ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ត្រង់កែងផ្លូវថ្មី ស្ថិតនៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ស្ដ្រីជនរងគ្រោះ ដែលជាម្ចាស់ផ្ទះ«Wing» មាន​ឈ្មោះ ណារ៉េន អាយុ២១ឆ្នាំ ប្តីឈ្មោះ វុន សារិទ្ធ អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានផ្ទេរលុយ និងលក់កាតទូរសព្ទជាធម្មតា លុះដល់វេលាកើតហេតុខាងលើ ស្រាប់តែយុវជនពីរនាក់ ជិះម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មិនចាំស្លាកលេខឈប់ទិញកាតទូរសព្ទ ហើយជនសង្ស័យបាននិយាយថា «សុំយកកាតមកឲ្យខ្ញុំផង ខ្ញុំចុះពីលើមិនរួចទេ» ដោយឃើញថា អ្នកទិញឈឺជើង ចុះពីលើម៉ូតូមិនរួច ក៏យកកាតទូរសព្ទទៅឲ្យ ឆ្លៀតឱកាសក្នុងមួយពព្រិចភ្នែក បក្ខពួកជនសង្ស័យម្នាក់ទៀត ក៏ចូលទៅយកលុយខ្មែរ និងលុយដុល្លារសរុបអស់ ប្រមាណ២,០០០ដុល្លារ។

ក្រោយធ្វើសកម្មភាពលួចលុយបានហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួន ដោយសុវត្ថិភាព។ ក្រោយកើតហេតុ​ ជនរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់