ភ្នំពេញៈ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានចាញ់បោកការលួមលោមបុរសម្នាក់ទៀតដែលទើបតែស្គាល់គ្នារយៈពេលខ្លីហើយបានឲ្យឌុបតាំងពីផ្សារទួលសង្កែខណ្ឌឬស្សីកែវទៅដល់ម្តុំភ្នំបាសិត ខណ្ឌព្រែកភ្នៅ ហើយបានប្រើល្បិចធ្វើជាខ្ចីជិះមួយភ្លេតបែរជាយកទៅបាត់តាំងពី៦ខែ។
ជនសង្ស័យខាងលើមានឈ្មោះ ស៊ាង ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបមិនពិតប្រកដ មានស្រុកកំណើតនៅភូមិចំបោះ ឃុំពោប្រែល ស្រុកបសេដ ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមិនត្រូវបានបញ្ចេញឈ្មោះទេ ហើយម៉ូតូដែលត្រូវជនសង្ស័យយកទៅបញ្ចាំនោះម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CE 6046។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុចុងខែ១២ ឆ្នាំ២០១៦ ខណៈដែលគាត់កំពុងអង្គុយរងចាំម៉ូយជិះម៉ូតូឌុបស្រាប់តែមានជនសង្ស័យម្នាក់ដែលធ្លាប់ស្គាល់គ្នារយៈពេលខ្លីបានឲ្យរូបគាត់ឌុបទៅខេត្តកំពង់ស្ពឺ ខណៈឌុបទៅដល់ម្តុំភ្នំបាសិតស្រាប់តែជនសង្ស័យបបួលចូលរកកន្លែងផឹកពេលនោះគាត់ក៏ចូលទៅអង្គុយបានបន្តិចស្រាប់តែជនសង្ស័យបានខ្ចីម៉ូតូជិះមួយភ្លែតពេលនោះស្រាប់តែទៅបាត់រហូតលែងមកវិញ។ ពេលនោះរូបគាត់បានស្វែងរកគ្រប់ទីកន្លែងតែមិនឃើញ រហូតដល់ព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៧ ស្រាប់តែប្រទះឃើញជនសង្ស័យកំពុងអង្គុយផឹកកាហ្វេនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក៏ហៅបងប្អូនចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនបានយកម៉ូតូជនរងគ្រោះប្រាកដមែន ដោយយកទៅបញ្ចាំចំនួន៤០០ដុល្លារ។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យ សម្ថកិច្ចបានសាកសួររឿងហេតុតែដោយសារទីតាំងបានកើតឡើងនៅឯខណ្ឌព្រែកព្នៅទើបទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅយកជនសង្ស័យសាកសួរបន្តនិងដោះស្រាយទៅតាមនីតិវិធី៕
មតិយោបល់