ព័ត៌មានជាតិ

ដឹងថាលែងប្តីភ្លាម ឡើងដេកជាមួយភ្លែត អតីតប្តីលបកាប់ស្លាប់

កំពត: បុរសម្នាក់ទើបតែបានស្រលាញ់ស្រ្តីម្នាក់ដែលទើបតែលែងប្តី រួចឡើងទៅដេករួមមេត្រីជាមួយគ្នានៅលើផ្ទះ ហើយត្រូវអតីតប្តីនោះលបលួចកាប់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ ទាបភ្លឺថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅស្ថិតនៅក្នុងភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

តាមសេចក្តីរាយការណ៍ពីសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៅ ចន្ថន់ ហៅ ខូយ ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ប្រភពបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសរងគ្រោះ បានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីមេម៉ាយម្នាក់ដែលទើបលែងលះប្តីឈ្មោះ ជ័យ ប៊ុនធឿន អាយុ៣៨ឆ្នាំ បាន២ខែប៉ុណ្ណោះ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ការទំនាក់ទំនងស្នេហា រវាងស្ត្រីមេម៉ាយនិងបុរសរងគ្រោះ មានភាពស្និទ្ធស្នាល ដល់កម្រិតណានោះទេ គ្រាន់តែដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ទៅឡើងដេកលើផ្ទះស្ត្រីមេម៉ាយនោះ ពេលចុះមកវិញ ក៏ត្រូវអតីតប្តីរបស់នាង លបកាប់នឹងពូថៅ ពេលនោះជនរងគ្រោះបានរត់ទៅខាងកើតផ្ទះបានចម្ងាយប្រហែល៤០ម៉ែត្រ ក៏ត្រូវអតីតប្តីស្ត្រីមេម៉ាយនោះរត់ទៅតាមកាប់ប្រហារត្រូវជាច្រើនពូថៅទៀតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័មតែម្តង រួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ នៅព្រឹកថ្ងៃដដែល កម្លាំងសមត្ថកិច្ចនគរបាលបច្ចេកទេស និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបានចុះទៅធ្វើកោសល្យវិច្ច័យ និងពិនិត្យសាកសពជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះត្រូវជនដៃដល់កាប់ប្រហារជាច្រើនពូថៅត្រង់ក្បាល និងដងខ្លួន បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងដែរថា អតីតប្តីឈ្មោះ ជ័យ ប៊ុនធឿន មានស្រុកកំណើតនៅកន្លែងកើតហេតុ ប៉ុន្តែកន្លងមកពុំសូវនៅស្រុកភូមិទេ គឺច្រើនតែរកស៊ីខាងឡើងកាប់ឈើខ្លឹមច័ន្ទគ្រឹះស្នា ហើយជាមនុស្សនៅលីវមិនទាន់មានប្រពន្ធកូនទេ។ លុះក្រោយមកពេលចូលស្រុកវិញក៏ឃើញស្ត្រីជាប្រពន្ធដែលជាស្ត្រីមេម៉ាយកូន៥នាក់ ក៏បានសែនព្រេនយកគ្នាជាប្តីប្រពន្ធ។ លុះយកគ្នាបានជិត១ឆ្នាំ បុរសជាប្តីជនដៃដល់នេះ បានមានលួចមានទំនាក់ទំនងជាមួយស្រីថ្មីនៅក្នុងភូមិនេះដែរ ក៏កើតជារឿងជម្លោះ ហើយក៏លែងលះគ្នាទើបតែបានជាង២ខែ។ ក្រោយមកស្ត្រីមេម៉ាយនោះ ក៏មានបុរសម្នាក់ ជាជនរងគ្រោះមកនែបនិត្យ ជួយយកអាសារដូចជាបោកបែនប្រមូលទុកដាក់ផលស្រូវឲ្យស្ត្រីមេម៉ាយរូបនេះ ហើយក៏បានចាប់ចិត្តស្រឡាញ់គ្នា រហូតថ្ងៃមានកើតហេតុនេះតែម្តង។

ពេលនេះសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ស្រាវជ្រាវស៊ើបអង្កេតដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន៕

មតិយោបល់