ភ្នំពេញៈ កាលពីព្រឹកមិញនាយក្តាមប្រៃយើងបានទៅផឹកការហ្វេទឹកកកនៅហាងច័ន្ទរៈខាងក្រោយទូតចិន។ នៅពេលទៅដល់ហើយ ក្រេបកាហ្វេបានត្រជាក់បំពង់កបន្តិច ក៏ស្រាប់តែមានបុរសវ័យចំណាស់ដើរចូលមកអង្គុយតុក្បែរនាយក្តាមប្រៃយើង។ ពួកគាត់បានហៅកាហ្វេទឹកកក២កែវ កាហ្វេក្តៅ២កែវមកផឹក ។
ពួកគាត់ជជែកគ្នាពីរឿងមន្ទីសាធារណការរាជធានីភ្នំពេញធ្វើផ្លូវគ្មានគុណភាព ធ្វើថ្ងៃហ្នឹងខូចថ្ងៃស្អែក។
ពួកគាត់បាននិយាយគ្នាថា កាលពីពេលថ្មីៗនេះ គាត់បានឭសម្តេចតេជោហ៊ុន សែន បានព្រមានទៅអាជ្ញាធរក្រុងពីរឿងផ្លូវខូចធ្វើមិនចេះចប់មិនចេះហើយ ធ្វើមុខ ខូចក្រោយ ធ្វើក្រោយខូចមុខ ហើយសម្តេចបានគំរាមទៅដល់លោកប្រធានមន្ទីសាធារណការក្រុង សាំ ពិសិដ្ឋ ដែលមានភាពស្ពឹកស្រពន់ អង្គុយតែក្នុងប៊ុយរ៉ូ បន្ទប់ម៉ាស៊ីនត្រជាក់ មិនចុះមើលផ្លូវខូចនោះទេ។
បុរសវ័យចំណាស់មួយក្រុមនោះនិយាយទៀតថា ប្រធានមន្ទីសាធារណការក្រុងលោក សាំ ពិសិដ្ឋ ហាក់ប្រៀបបានភ្ញាក់ពីដំណេក ក្រោយសម្តេចតេជោព្រមាន។ ពេលនោះគេឃើញលោក សាំ ពិសិដ្ឋ បានបញ្ចេញកម្មករនឹងគ្រឿងចក្រជួសជុលលប់ក្រលុកតាមផ្លូវសំខាន់ៗ ពិសេសគាត់ធ្វើនិងជួសជុលតែផ្លូវណាដែលបានលោកធំៗឆ្លងកាត់ញឹកញ៉ាប់តែប៉ុណ្ណោះ ឯវិថីតូចៗលោកប្រធានមន្ទីររូបនេះមិនអើរពើជួសជុលនោះទេ ។
ក្រុមបុរសវ័យចំណាស់នោះក៏បានលើកយកផ្លូវបំបែកជា៥ មានផ្លូវ៤៣០ កែងផ្លូវ៤៣២ នឹងកែងផ្លូវ១៧៣ នៅកាច់ជ្រុងស្ថាននីយ៍ប្រេងសាំងTOTAL ស្របបណ្តោយផ្លូវ២៧១ ពោលគឺផ្លូវខាងក្រោយមន្ទីពេទ្យរុស្សីឆ្ពោះទៅកាន់រង្វង់មូលផ្សាដើមថ្កូវ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំកាមន។ ដែលផ្លូវនេះពោពេញទៅដោយក្រលុកក្រហេងក្រហូងពិបាកធ្វើដំណើរ នឹងបង្កឲ្យមានបញ្ហាកកស្ទះចរាចររាល់ៗថ្ងៃផងដែរ។
នាយក្តាមប្រៃ យើងបានឭពួកគាត់ថា ផ្លូវបំបែកជាប្រាំនោះខូចខាតយូហើយតែគ្មានឃើញមូលដ្ឋានណាឫខាងមន្ទីណាមើលឃើញនោះទេទុកនៅត្រាំត្រែងរាប់ខែមកហើយ។
បុរសវ័យចំណាស់ទាំងនោះបាននិយាយបែបឡូស៊ិកថា បើអស់លោកមូលដ្ឋាន ឬលោកប្រធានមន្ទីរសាធារណការក្រុងលោក សាំ ពិសិដ្ឋ មើលមិនឃើញទៀតនោះពួកគាត់ នឹងសរសេរប្រាប់ទៅសម្តេចតេជោតាមផេកហ្វេសប៊ុក របស់សម្តេច ដើម្បីឲ្យសម្តេចបានឃើញ ជួយដល់ពលរដ្ឋ។
បន្ទាប់ពីក្រេបកាហ្វេអស់ហើយពួកគាត់ក៍បែកគ្នាទៅផ្ទះរៀងៗខ្លួន។ ឯនាយក្តាមប្រៃយើងក៏ចេញមកកន្លែងធ្វើការដែរ៕ ដោយ៖ នាយក្តាមប្រៃ
មតិយោបល់