ព័ត៌មានជាតិ

Update៖ ពុទ្ធោ! ដោយសារ សហាយ ម្តាយរួមហ៊ានរួមគំនិត សម្លាប់កូនអាយុ៥ខែ

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ឃាត់ខ្លួនម្តាយផ្សំគំនិត និងប្រុសសហាយ សម្លាប់កូនស្រីរបស់ខ្លួនដែលទើបតែមានអាយុ ៥ខែ ដោយអះអាងថា សពទារិកានេះស្លាប់ដោយសារការថប់ដង្ហើម។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅបន្ទប់លេខ១០៩ ជាន់ទី១ ក្នុងអាគារស្នាក់នៅ មួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រុម១៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ម្តាយក្មេងរងគ្រោះដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ចាន់ រតនា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ចំណែកឯទារិការងគ្រោះមានឈ្មោះ ចក្រី ពិសិដ្ឋ អាយុ៥ខែ រីឯសហាយមានឈ្មោះ កើ ហាំសះ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុខាងលើ និងមានទីលំនៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនកើតហេតុថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១និង៣០នាទីរសៀល ម្តាយក្មេងរងគ្រោះឈ្មោះ ចាន់ រតនា ខ្លួនបានទៅធ្វើអត្តសញ្ញាណប័ណ្ណជាមួយឈ្មោះ ស្រីអូន នៅសង្កាត់ច្រាំងចំរេះ២ ដោយបានផ្ញើកូនស្រីឱ្យមិត្តប្រុសដែលជាសហាយឈ្មោះ កើ ហាំសះ មើល ពេលម្តាយទារិកាទៅធ្វើអត្ត សញ្ញាណប័ណ្ណពុំទាន់បានធ្វើផង ស្រាប់តែមានឈ្មោះ កើ ហាំសះ បានទូរសព្ទមករូបខ្លួនថា កូនស្រីរបស់ឯងបានស្លាប់ហើយ ពេលនោះម្តាយទារិការងគ្រោះលឺដូច្នេះ ក៏បានឲ្យឈ្មោះ ស្រីអូន ជិះម៉ូតូឌុបមកខុនដូមុន នៅពេលដែលស្រីអូន មកដល់ខុនដូនេះ ស្រាប់ តែឈ្មោះ កើហាំសះ ពុំបានបើកទ្វារបន្ទប់ឲ្យចូលនោះទេ បានប្រហែលជា២០នាទីក្រោយមក ឈ្មោះ ចាន់ រតនា ដែលជាម្តាយបានមកដល់បន្ទប់នេះ ទើបឈ្មោះ កើ ហាំសះ បើទ្វារឱ្យចូលហើយក៏ឃើញទារិកានៅលើដៃរបស់ឈ្មោះ កើ ហាំសះ ដែលជាអ្នកកំពុងបីនៅនឹងដៃ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ឈ្មោះចាន់ រតនា បានលូកដៃបីយកកូនពីដៃឈ្មោះ កើ ហាំសះ យកទៅមន្ទីរពេទ្យកាល់ម៉ែត ដោយគ្រូពេទ្យបាននិយាយប្រាប់ថា កូនស្រីនេះបានស្លាប់បាត់បង់ជិវីតទៅហើយ ដោយមិនអស់ចិត្ត ក៏បន្តយកទៅមន្ទីរពេទ្យគន្ធបុប្ផា តែត្រូវគ្រូពេទ្យបានបញ្ជាក់ថា ទារិការងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយមក ម្តាយ ហើយនិងសហាយបានដឹកសពទារិកាខាងលើ មកប្រគល់ឱ្យលោកតាចារ្យភ្លុកវត្តទួលសង្កែ ដើម្បីបូជា ខណ:ពេលនោះ លោកតាអាចាបានសួរនាំរកលិខិតប្រគល់សព ម្តាយក្មេងរងគ្រោះពុំមាន ក៏ប្រាប់ឱ្យយកសពជនរងគ្រោះយកទៅបូជានៅឯវត្តញាណរង្ស៊ីវិញ។ លុះពេលទៅដល់វត្តខាងលើម្តាយទារិការងគ្រោះបានប្រគល់ឱ្យលោកតាអាចារ្យភ្លុករៀបចំបូជា ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ត្រីជាម្តាយ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីសួរនាំ។ ចំណែកឯបុរសដែលជាសហាយបានរត់គេចខ្លួនបាត់៕

មតិយោបល់