ព័ត៌មានជាតិ

ចេញពីរាំធុងបាស ត្រូវចោរកាប់ប្លន់យកម៉ូតូសង់០១៣ ទៅបាត់ដោយសុវត្ថិភាព

ភ្នំពេញ: បុរសម្នាក់ ត្រូវបានក្រុមចោរប្រដាប់ដោយដាវស៊ាំម៉ូរ៉ៃ ធ្វើសកម្មភាពកាប់ប្លន់ បណ្តាលឲ្យរងរបួសជាច្រើនកាំបិត យកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចរបងកាណាឌីយ៉ា តាមបណ្ដោយផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានក្រុមចោរកាប់ប្លន់ខាងលើនេះ មានឈ្មោះ ឡោ សំអូន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបន្ទាយស្ទោង ឃុំគោកសណ្ដែក ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើត ពួកគេមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាសេ១២៥ ចេញពីផ្ទះ ក្នុងបំណងទៅរាំធុងបាសនៅម្តុំដីវាល ក្រោយកាណាឌីយ៉ា លុះយប់ជ្រៅទៅហើយក៏បាននាំគ្នាត្រឡប់មកផ្ទះវិញ ដោយជនរងគ្រោះជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-0043 ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមចោរប្លន់មួយក្រុមមានគ្នា ៣នាក់ បើកម៉ូតូ១គ្រឿងម៉ាកSK ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ មកពីក្រោយ បានដកដាវស៊ាំម៉ូរ៉ៃ កាប់ប្រហារមកលើជនរងគ្រោះត្រូវជាច្រើនកាំបិត ឡើងសុះក្បាល ធ្វើឲ្យជនរងគ្រោះ ស្រែកឲ្យមិត្តភក្តិជួយដែរ តែទម្រាំមិត្តមកដល់ ក្រុមចោរប្លន់ទាំងនោះ បានលើកម៉ូតូជនរងគ្រោះជិះគេចខ្លូនបាត់ស្រមោលទៅហើយ។

ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់