កំពតៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកស៊ាំយ៉ុងមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូមួយគ្រឿងដែលកំពុងជិះដោយបុរសម្នាក់យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាច ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចខ្លោងទ្វារវត្តដូនបុណ្យ ជិតស្ពានដែក ស្ថិតក្នុងភូមិដូនបុណ្យ ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ មិនទាន់ស្គាល់ពីអត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុក៏ត្រូវបានរថយន្តម៉ាកស៊ាំយ៉ុង កូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-9158 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើតខ្វះការប្រុងប្រយត្ន័ បានបើកមកបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះជាអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កនៅនឹងកន្លែងកើតហេតុ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូនិងរថយន្តបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
បន្ទាប់ពីរថយន្តបង្កបានបុករួចហើយ អ្នកបើកបានរត់គេខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅកន្លែងហេតុការណ៍៕
មតិយោបល់