ព័ត៌មានជាតិ

សាហាវមែន! សុំប្រពន្ធត្រូវគ្នាវិញមិនបាន យកផ្លែឡាមអារ.កប្រពន្ធ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ: បុរសម្នាក់ សុំប្រពន្ធត្រូវរ៉ូវគ្នាវិញមិនបាន ចាប់ប្រពន្ធក្រៀករួចយកផ្លែឡាមអារ.ក ប្រពន្ធសំណាងល្អរងរបួសចំត្រចៀក និងដៃហូរឈាមពេញមុខ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកប្តីត្រូវសមត្ថកិច្ចចាប់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១២រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្ទះលេខ៤១អា ផ្លូវលេខ៤១០ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ស៊ូ សោភា អាយុ៤០ឆ្នាំ មុខរបរធ្វើការតាមផ្ទះ រងរបួសចំត្រចៀក និងដៃ ។ ចំណែកជនបង្កមានឈ្មោះ បូ សម្បត្តិ អាយុ៤២ឆ្នាំ កម្មករសំណង់ ធ្លាប់ជាប្តីប្រពន្ធនឹងគ្នា តែបានលែងលះបានរយ:ពេលជាង២ខែមកហើយ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកធ្វើការតាមផ្ទះរបស់គេ ស្ថិតនៅចំណុចកើតហេតុខាងលើ លុះដល់វេលាម៉ោងកើតហេតុ ស្ត្រីរងគ្រោះបានចេញមកបើកទ្វារផ្ទះដើម្បីឲ្យកូនម្ចាស់ផ្ទះចូល ខណ:នោះស្រាប់តែបុរសជាប្តីដែលកំពុងអង្គុយសំកុកខាងមុខផ្ទះកើតហេតុ បានឃើញក៏ស្ទុះទៅចាប់ក្រៀកស្ត្រីជាប្រពន្ធរួចយកផ្លែឡាម បម្រុងមកអារ.កសម្លាប់ចោល ប៉ុន្តែសំណាងល្អជនរងគ្រោះគេចទាន់ក៏បណ្តាលឲ្យរងរបួសចំត្រចៀក និងដៃហូរឈាម និងស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងត្របែក ចុះមកធ្វើការចាប់ខ្លួន ។ ចំណែកស្ត្រីរងគ្រោះបានទៅសង្គ្រោះនិងព្យាបាលមុខរបួសនៅមន្ទីរពេទ្យ។

នៅចំពោះមុខសមត្ថកិច្ចជនបង្កជាប្តីបានសារភាពថា ខ្លួននិងស្ត្រីរងគ្រោះធ្លាប់ជាប្តីប្រពន្ធនឹងគ្នា ប៉ុន្តែបានលែងលះគ្នាជាង២ខែមកហើយ ។ ក្រោយមកខ្លួនបានសុំស្ត្រីជាប្រពន្ធរួមរស់ជាមួយគ្នាវិញតែស្ត្រីរងគ្រោះមិនព្រម ក៏ខឹងកើតជាគំនុំយកផ្លែឡាមមកអារ.ក បំណងសម្លាប់បែបនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែកធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់