ពោធិ៍សាត់ៈ មនុស្សពីរនាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញម៉ាក ហ៊ីយ៉ាន់ដាយ និងម៉ាក សាំយ៉ុង។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧២-១៧៣ ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
របាយការណ៍សមត្ថកិច្ច បង្ហាញឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងដោយរថយន្តបុកគូទរថយន្តពីក្រោយ បណ្តាលឲ្យខូចរថយន្តទាំងពីរគ្រឿង និងរងរបួសមនុស្សពីរនាក់ រួមមាន ទី១-ឈ្មោះ អាត រក្សា ភេទប្រុស អាយុ២០ឆ្នាំ របួសធ្ងន់ធ្ងរ និងទី២-ឈ្មោះ សុខ លាង ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ អ្នកទាំងពីរ រស់នៅភូមិចំការចេក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
របាយការណ៍ បន្តឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ប.ប 3A-1476 ពណ៌ស ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ សាន់ លីតេង ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិចំការចេក សង្កត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ រួមដំណើរដោយបុរសរងគ្រោះទាំងពីរខាងលើ។ ចំណែកភាគីរថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-6854 បើកក្នុងទិសដៅស្របទិសគ្នា ដោយឈ្មោះ សៅ ម៉ុន អាយុ៤៣ឆ្នាំ រស់នៅភូមិអូរតាគំ១ ឃុំទួលតាឯក ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ លុះមកដល់ចំណុចកើតហេតុ គេឃើញរថយន្តទាំងពីរបុកគូថគ្នាពីក្រោយពេញទំហឹង ធ្វើឲ្យក្រឡាប់រថយន្តហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ស្រាលតែម្ដង។
បច្ចុប្បន្នរថយន្តជាមធ្យោបាយទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក ជនរងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់៕
មតិយោបល់