អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការធ្វើសង្គ្រាមជាមួយភេវរករ ដែលជាក្រុមជ្រុលនិយមរបស់រដ្ឋអ៊ីស្លាម នឹងក្លាយជាគោលនយោបាយអាមេរិកហើយ ដោយមានការសហការគ្នា រវាងគណបក្សទាំងពីរ នៅក្នុងសហរដ្ឋអាមេរិក រួមជាមួយសម្ព័ន្ធមិត្តបរទេស និងនៅមជ្ឈិមបូព៌ា ដើម្បីបញ្ឈប់ការរីករាលដាលអំពើភេវរកម្មនេះ។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។
ការវាយប្រហារភេរវកម្មមួយ នៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ពីពួកក្រុមជ្រុលនិយមរដ្ឋអ៊ីស្លាម ISIS
លោក ត្រាំ បានស្នើលើចំណុចមួយចំនួន ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដូចជា ការហាមឃាត់ជាបណ្តោះអាសន្នមិនឲ្យអ្នកកាន់សាសនាឥស្លាម ចូលមកក្នុងសហរដ្ឋអាមេរិក បង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកលើក្រុមរដ្ឋអ៊ីស្លាម ISIS ដោយសហការជាមួយសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា និងចងសម្ព័ន្ធមិត្តជាមួយរុស្ស៊ីផងដែរ។
លោក Misztal នាយកមជ្ឈមណ្ឌលគោលនយោបាយជាតិ បាននិយាយថា តាមរយៈការមើលឃើញការគំរាមកំហែងរបស់ពួក ISIS បច្ចុប្បន្ន លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានយល់យ៉ាងច្បាស់ថា ការសហការគ្នានេះ នឹងជាយុទ្ធសាស្រ្តបញ្ឈប់ការវាយប្រហារ និងការរីករាលដាលនៃមនោគមវិជ្ជារបស់ក្រុមនេះផងដែរ។
លោក James Carafano ប្រធានគោលនយោបាយការបរទេសនៃមូលនិធិអភិរក្សបេតិកភណ្ឌ និងជាអ្នកផ្តល់ប្រឹក្សាដល់ក្រុមការងាររៀបចំការផ្ទេរតំណែងរបស់លោក ត្រាំ បាននិយាយថា អំពើភេរវកម្មនៅក្នុងសកលលោកកាន់តែមានស្ថានភាពអាក្រក់ នៅពេលបច្ចុប្បន្ននេះ ជាងពេលដែលលោកប្រធានាធិបតី អូបាម៉ា ចូលកាន់តំណែង ដូច្នេះយើងនឹងអនុវត្តយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងអំពើភេរវកម្មរបស់យើង នៅថ្ងៃប្រធានាធិបតីថ្មីស្បថចូលកាន់តំណែង នាថ្ងៃទី២០ ខែមករាខាងនេះតទៅ៕

មតិយោបល់