ព័ត៌មានជាតិ

Update សង្ស័យរឿងគំនុំ បាញ់ប្រហាររថយន្ត ស្លាប់ម្នាក់ របួសម្នាក់ទាំងកណ្តាល​អធ្រាត្រ

ភ្នំពេញ: យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់ បានរងរបួសធ្ងន់ ដោយខាងបុរស រងរបួសត្រូវគ្រាប់កាំភ្លើង(ស្លាប់ក្រោយសង្គ្រោះ) រី​ឯខាងនារីរង​របួសដោយសារឡានកិន។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២០៧ នៅចំណុចផ្ទះលេខ១៤Bស្ទួន ក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសចំក្បាលពីរគ្រាប់(ស្លាប់) ទី២-ឈ្មោះ ចាន់ ស្រីប៉ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះ (រងរបួសស្រាល) និងទី៣-ឈ្មោះ នេត សុធារ័ត្ន ភេទស្រីអាយុ២២ឆ្នាំ (រងរបួសជើង) ត្រូវជាគូដណ្ដឹងជាមួយឈ្មោះ ចាន់ សុខជា ពួកគេធ្វើដំណើរ ដោយរថយន្តមួយគ្រឿងម៉ាក ឡិចស៊ី​ស ​GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AI-8799 ។

តាមសម្ដីជនរងគ្រោះឈ្មោះ ចាន់ ស្រីប៉ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងបីនាក់ទើបតែមកពីកម្មវិធីមិត្តភក្តិនៅកោះពេជ្រ​ ដោយជិះរថយន្ដ ​ ពេល​ដែលមកដល់ខាងមុខផ្ទះឈ្មោះ នេត សុធារ័ត្ន ដែលត្រូវជាគូដណ្ដឹងរបស់បងប្រុសបានចុះពីរថយន្ដមកបើកទ្វារផ្ទះ​ ស្រាប់តែមានជនសង្ស័យមានគ្នាបីនាក់ជិះម៉ូតូពីរគ្រឿងម៉ាក ហុងដាឌ្រីមC110 (សង់ប៊ិច)ពណ៌ខ្មៅមួយគ្រឿង និងម៉ាកឃ្លីក ពណ៌សមួយគ្រឿង (មិនចាំស្លាកលេខ) បានមកឈប់ខាងក្រោយរថយន្ដហើយមានម្នាក់បានចុះពីម៉ូតូដើរសំដៅមកបងស្រីដែលកំពុងបើកទ្វារផ្ទះ។

ចាន់ ស្រីប៉ ដដែលបន្តថា​ ពេលដែលឃើញដូច្នេះរូបគាត់ក៏ចុះទៅជួយបងស្រីទាំង​ដៃកាន់ទូរសព្ទមួយគ្រឿង (Iphone 6plus) ហើយក៏ត្រូវជនសង្ស័យដណ្ដើមយកបាន។ ចំណែកបងប្រុសពេលដែលឃើញជនសង្ស័យប្លន់យកទូរសព្ទដៃបែបនេះ ក៏ថយរថយន្ដបើកបំបុកជនសង្ស័យតែមិនត្រូវ បែរជាបុកត្រូវគូដណ្ដឹងរបស់ខ្លួនទៅវិញ និងបាក់ទ្វារផ្ទះថែមទៀត។ ឃើញបែបនេះ ជនសង្ស័យកាន់តែខឹងបានដកកាំភ្លើងបាញ់ទម្លុះកញ្ចក់រថយន្ដបួនគ្រាប់បណ្ដាលឱ្យត្រូវក្បាលជនរងគ្រោះចំនួនពីរគ្រាប់រងរបួសធ្ងន់ ហើយជនល្មើសជិះម៉ូតូគេចខ្លួនបាត់តែម្ដង។

ក្រោយកើតហេតុជនរងរគ្រោះពីរនាក់ដែលត្រូវជាគូដណ្ដឹងនឹងគ្នាត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលបុរសរងគ្រោះបានបាត់បង់ជីវិត។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់ និងសួរនាំ។ តាមការបញ្ជាក់ក្រុមចោរមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីទំនើប១ដើម។ គេដាក់ការសង្ស័យថា វាជារឿងគំនុំ ព្រោះជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៣ ដែលដើរសំដៅទៅរកស្រ្តីម្នាក់ដែលចុះបើកទ្វារនោះ ពុំកាន់ កាំភ្លើងនោះទេ តែដោយសារ ចាន់ ស្រីប៉ បានចុះទៅដោយកាន់ទូរសព្ទខលទៅសមត្ថកិច្ច ទើបជនសង្ស័យឆក់យកទូរសព្ទកុំឲ្យ​ថត និងខលទៅសមត្ថកិច្ច រួចទើបបង្កឲ្យ​មានរឿងកាន់តែធំតែម្តង៕

//youtu.be/zCYX6TatlCg

//youtu.be/BpR5xpnUTKc

មតិយោបល់