ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាកកាមារីហាយប្រីត មួយគ្រឿងបោះពួយយ៉ាងលឿន បានជ្រុលទៅបុកខឿនស្ពានជ្រោយចង្វា បណ្ដាលឲ្យរងការខូចខាតដាច់កង់ទៅមុខលែងរួច ស្ថិតនៅចំណុចរង្វង់មូលគួចការដុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តទំនើប ពណ៌ស ពាក់់ផ្លាកលេខនគរបាល 2-5108 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកខឿនស្ពានជ្រោយចង្វាពេញទំហឹង បណ្ដាលឲ្យការខូចខាតខឿន រថយន្តដាច់កង់ម្ខាងទៅមុខលែងរួច សំណាងល្អមិនមានអ្នករបួស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ មកវាស់វែងស្ទូចយករថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់