ព័ត៌មានជាតិ

ពីមុនជាប់គុកដោយសារគ្រឿងញៀន ចេញមកវិញរកស៊ីលក់គ្រឿងញៀន ជាប់គុកម្តងទៀត

កណ្តាលៈ មុខសញ្ញាជនជួញដូរគ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារ ពីបទចែកចាយគ្រឿងញៀន ពេលចេញមកវិញ មិនរាងជួញដូរគ្រឿងញៀនទៀត ត្រូវសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយតាមក្របួចជាប់បាន៣នាក់ភ្លាមៗ ខណៈដែលជនសង្សយ័កំពុងទាក់ទងគ្នា ចេញលក់គ្រឿងញៀន។

ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង០១និង០៥នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចកើតហេតុ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្ដាល ។

នគរបាលស្រុកកៀនស្វាយបានឲ្យ​ដឹងដា ជនសង្ស័យមាន៣នាក់ ទី១-ឈ្មោះ ទួន ដារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ទី២-ឈ្មោះ សុខ សុផាន់និត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។ ទី៣-ឈ្មោះ ប៉ាន់ សុភារុន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។

នគរបាលស្រុកកៀនស្វាយបានបន្តឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ 1-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់តូច និង១កញ្ចប់ធំ ២-ទូរសព្ទចល័តចំនួន១​​​​​គ្រឿង 3-ម៉ូតូ២ គ្រឿង 4 -កង់១គ្រឿង 5 -ដាវកែច្នៃ ១ដើម។

នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ កងកម្លាំងប៉ុស្តិ៍បានចេញល្បាត បានចល័តក្នុងភូមិសាស្ត្រមូលដ្ឋានឃុំបន្ទាយដែក រហូតល្បាតមកដល់ភូមិខ្សុំ ពេលនោះកម្លាំងប៉ុស្តិ៍បានឃើញ​​ ឈ្មោះ ប៉ាន់ សុភារុន កំពុងជិះកង់រត់គេច​​ពីកម្លាំង​សមត្ថកិច្ច ឃើញដូច្នេះកម្លាងបាន​ជិះម៉ូតូដេញតាមស្ទាក់សួរភ្លាម​​​​ រួចឆែកឆេររកឃើញ​​​ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច ហើយកម្លាំងក៏សួរនាំ តើទិញមកពីណា? បន្ទាប់មកឈ្មោះ​ ប៉ាន់ សុភារុន ខាងលើនេះ បានឆ្លើយប្រាប់ថា ទិញមកពី​​​ឈ្មោះ​​ ទួន ដារ៉ា នៅភូមិខ្សុំ​។

ក្រោយពីទទួលបានព័ត៌មានភ្លាម កងកម្លាំង​ប៉ុស្តិ៍ សហការជាមួយកម្លាំង​នគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយ បានចុះ​ព័ទ្ធផ្ទះឈ្មោះ​​​​ ទួន ដារ៉ា នៅភូមិ ខ្សុំ​​ភ្លាមទាំងយប់ រហូតដល់វេលាម៉ោង៦និង៥នាទី​ព្រឹកថ្ងៃ២១ ខែមករា ឆ្នាំ២០១៧ ទើបកម្លាំងអាចចាប់បាន ឈ្មោះ ទួន ដារ៉ា និងបក្ខពួកម្នាក់ទៀតតែម្តង ព្រមទាំងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់តូច និង១កញ្ចប់ធំ។

តាមចម្លើយរបស់ ទួន ដារ៉ា បានសារភាពថា ខ្លួនពិតជាបានលក់ម្សៅក្រាមពណ៌ស ជាសារធាតុញៀនឲ្យ​ទៅឈ្មោះ ប៉ាន់ សុភារុន ពិតប្រាកដមែន ក្នុងតម្លៃ​ 30000រៀល។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀកស្វាយ បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់