កំពង់ធំៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអាណិតអាសូរដល់ប្រជាពលរដ្ឋ រួមទាំងពុទ្ធបរិស័ទ ចំណុះជើងវត្តគោតត្របែកបានផ្តល់ថវិការ ១៦ម៉ឺនដុល្លារសម្រាប់សាងសង់ព្រះវិហារ វត្តគោតត្របែកដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនា តែបែជានាំគ្នាឃុបឃិត ស៊ីដាច់លុយចំនួន៨ម៉ឺនដុល្លារ ដោយការសាងសង់អស់ទឹកប្រាក់ត្រឹមតែ៨ម៉ឺនដុល្លារ រហូតព្រះវិហារប្រេះស្រាំបែកបាក់ ទើបផ្ទុះរឿងពុករលួយ នៅវត្តគោយត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រជាពលរដ្ឋបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ក្រោយពីព្រះវិហារថ្មីស្រឡាង សាងសង់មិនទាន់បានមួយដង្ហើមចង្រឹតផង ស្រាប់តែព្រះវិហារទាំងមូលប្រេះស្រាំជាជួរ និងជិតបាក់ទាំងផ្ទាំង ដែលគួរឲ្យមានការព្រួយបារម្មណ៍ ធ្វើឲ្យអ្នកភូមិមិនហ៊ានចូលទៅក្នុងព្រះវិហារ ដោយសារតែខ្លាចអស់ជីវិតដោយសារ ដំបូលព្រះវិហារបាក់សង្កត់ស្លាប់។
ព្រះតេជគុណ គង់ចាំក្នុងវត្តគោកត្របែក បានមានសង្ឃដិការថា វត្តនេះកាលដើមឡើយឈ្មោះវត្តគោកត្របែក ក្រោយមកមានការប្រកាសដោយលោក ថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ បានដាក់ឈ្មោះថ្មីថាវត្តតេជោ និងភូមិតេជោ ហើយប្រកាសថាការសាងសង់នេះអស់ ១៦ ម៉ឺនដុល្លារ ក្នុងថ្ងៃបញ្ចុះខណ្ឌសីម៉ា រហូតមកដល់ពេលនេះអត់មានលោកទេ គឺមានតែអាត្មាមួយអង្គឯងទេ កាលមុនមាន៥អង្គតែសឹកអស់ហើយ ហើយការសាងសង់ព្រះវិហារនេះគឺរៀបនឹងជិតរួចហើយ ក៏មានទូរស័ព្ទមកពីភ្នំពេញ ដោយមិនដឹងថាលេខរបស់សម្តេច តេជោ ហ៊ុន សែន ឬលេខសម្តេចគត្តិព្រឹត្តបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នោះទេបានប្រាប់ថាឲ្យបន្ថែមដងទង់មួយគូរទៀត តែក្រោយមកដងទង់ក៏មិនឃើញធ្វើដងទង់តាំងពីឆ្នាំ២០១២មកម្ល៉េះ ព្រះអង្គបានមានសង្ឃដិការបន្តថា រហូតមកដល់ពេលនេះ ព្រះវិហារស្រុតប្រេះស្រាំបាក់បែកជុំវិញអស់ហើយ ហើយការសាងសង់នេះដោយជាងការ នៅសាលាស្រុកបារាយណ៍ គ្រប់គ្រងដោយលោក គឿន ជាអ្នកទទួលខុសត្រូវ និងសូមសម្តេចជួយឲ្យអ្នកជំនាញទទួលខុសត្រូវជួយមកមើលផង។
លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៦ ថាការសាងសង់ព្រះវិហារនេះ គឺជាក្រុមការងាររបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាអ្នកសាងសង់ដោយផ្ទាល់ ដោយមិនបានតម្កល់លុយឲ្យខាងស្រុកជាអ្នកសាងសង់នោះទេ ហើយលោកបានផ្តល់ព័ត៌មាននេះជូនទៅក្រុមការងារឯកឧត្តម ដែលទទួលខុសត្រូវយូរហើយ ពាក់ព័ន្ឋនឹងព្រះវិហារប្រេះស្រាំស្រុត កំពុងរង់ចាំមើលគេចុះមកមើល។
លោក លឹម សាវ៉ាន់ អគ្គនាយករងក្រុមការងាររបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា លោកបានដឹងព័ត៌មាននេះហើយ លោកនឹងចាត់កម្មវិធីឲ្យគេចុះទៅពិនិត្យផ្ទាល់ ចំណែកក្រុមបច្ចេកទេសសាងសង់លោកមិនដឹងទេ តែលោកទទួលព័ត៌មានបានថាព្រះវិហារនេះ គ្រាន់តែប្រេះដូចផ្លូវស្រមោចតែប៉ុណ្ណោះ ៕
មតិយោបល់