ចិន: កាសែតចិន China Daily បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ផ្កាយរណបថ្មីនេះ ដែលបានចិនបានបាញ់បង្ហោះទៅលើអាកាស នឹងជួយការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ចំពេលដែលភាពតានតឹងកំពុងកើនឡើងនៅលើទឹកដីនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១១ សីហា ឆ្នាំ២០១៦។
រដ្ឋបាលរដ្ឋនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងឧស្សាហកម្មសម្រាប់ការពារជាតិ បានប្រាប់កាសែតនេះថា ផ្កាយរណប “Gaofen 3” ដែលត្រូវបានចាប់ផ្ដើមបាញ់បង្ហោះនេះ មានប្រព័ន្ធរ៉ាដាមួយ ដែលចាប់យករូបភាពពីអវកាសនៅក្នុងទំហំរូបភាព resolution រហូតដល់ទៅ១ម៉ែត្រឯណោះ ពោលគឺវាស្មើនឹង៣ហ្វីត ហើយវាអាចធ្វើប្រតិបត្តិការស្របតាមអាកាសធាតុទាំងអស់។
កាសែត China Daily ដែលបានស្រង់សម្តីពីលោក Xu Fuxiang មេដឹកនាំគម្រោង បាននិយាយថា ផ្កាយរណបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យបរិស្ថានសមុទ្រ កោះ ថ្មប៉ប្រះទឹក នាវានិងអណ្ដូងប្រេង។ លោកបន្ថែមថា ផ្កាយរណប Gaofen 3 មានប្រយោជន៍ខ្លាំងណាស់ នឹងមានក្នុងការការពារសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសនេះ។
កាលពីខែកក្កដា តុលាការអន្ដរជាតិនៅទីក្រុងឡាអេ បានសម្រេចប្រឆាំងនឹងការទាមទាររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលបានកាត់ក្តីឲ្យប្រទេសហ្វីលីពីនឈ្នះចិន ហើយការសម្រេចបែបនេះ បានធ្វើឲ្យក្រុងប៉េកាំងបានបដិសេធចោល។
សូមបញ្ជាក់ថា វៀតណាម ចិននិងតៃវ៉ាន់ បានអះអាងថា ទាំងអស់នៃប្រជុំកោះ Spratly ដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង ជាកម្មសិទ្ធិរបស់ខ្លួន ខណៈពេលដែលប្រទេសហ្វីលីពីន ម៉ាឡេស៊ីនិងប៊្រុយណេ ក៏បានអះអាងថា ផ្នែកមួយចំនួននៃតំបន់នោះ ក៏ជារបស់ខ្លួនពួកគេផងដែរ៕
មតិយោបល់