ភ្នំពេញៈ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក ឧត្តមសេនីយ មាស វិរិទ្ធ បានប្រាប់ Post News នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែសីហានេះថា គ្រឿងញៀនជិត ៥គីឡូក្រាម និងកុយរមាសចំនួន ០៨ត្រូវបានរឹបអូស ក្រោយចាប់បានជនជាតិរ៉ូម៉ានីម្នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីពេលរសៀលនេះ។
លោកឧត្តមសេនីយ មាស វិរិទ្ធបន្តថា ជនជាតិរ៉ូម៉ានី ឈ្មោះ Varadi Adrian-Calin ភេទប្រុស អាយុ ៣៥ឆ្នាំ ធ្វើដំណើរតាមជើងហោះហើរ QR ៩៧០ ចូលមកដល់កម្ពុជាកាលពីវេលាម៉ោង ៣ និង៥០នាទីរសៀល ហើយបន្ទាប់មក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន និងរកឃើញថ្នាំញៀនប្រភេទ កូកាអ៊ីន ចំនួន ៤៩៦១,៦៩ក្រាម។
ក្រោយចាប់ខ្លួនជនជាតិរ៉ូម៉ានីនេះហើយ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការផងដែរ។
សូមជំរាបផងដែរថា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៦នេះ សមត្ថកិច្ចនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្រ្កាបគ្រឿងញៀនបានចំនួនជាង ៦៤គីឡូក្រាម ក្នុងនោះមានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីនជាង ៣០គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជាង ២៣គីឡូក្រាម, អ៊ិចស្តាស៊ី ៦៧១,៣០ក្រាម កើនឡើងជាងឆ្នាំមុន, ហេរ៉ូអ៊ីនជាង ២គីឡូក្រាម, គ្រឿនញៀនប្រភេទកូកាអ៊ីនជាង ៣គីឡូ, កេតាមីនជាង ៤គីឡូ និងកញ្ឆាក្រៀមជាង ៤គីឡូក្រាម។
ក្នុងចំណោមគ្រឿងញៀនទាំងជាង ៦៤គីឡូក្រាមនេះ គឺមាន២២ករណីធំៗ ចំណែកទ្រព្យសម្បត្តិសំខាន់ដែលចាប់យកបានក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដែលបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួមមាន រថយន្ត ២៨គ្រឿង, ម៉ូតូ ៩១៣គ្រឿង, ប្រាក់រៀលចំនួន ៣៨.៤៣០.៧០០រៀល, ប្រាក់ដុង ១៦២.៣២០.០០០រៀល, ដុល្លារអាម៉េរិក ២៣.១៣៥ដុល្លារ, ប្រាក់ឡាវ១៥.០០០គីប និងលុយចិនចំនួន ២០០យ័ន។
ជនសង្ស័យចាប់តាមដីកាមាន ១២៩ដីកា ឃាត់ខ្លួនជនសង្ស័យបាន ១២៩នាក់ ក្នុងនោះមានស្រី ១១នាក់ (ជនជាតិកូរ៉េប្រុស ១១នាក់ និងជនជាតិវៀតណាមស្រី ០១នាក់៕
មតិយោបល់