ភ្នំពេញៈ ក្នុងឱកាសទទួលថតរឿងជាថ្មីនៅក្នុងប្រទេសកម្ពុជា អ្នកនាងអម្ពរ ទេវី បានសារភាពថា បុគ្គលដែលអ្នកនាងចង់ជួបជាងគេ និងនឹករលឹកជាងគេគឺលោកទេព រិន្ទដារ៉ូ។ អ្នកនាងត្រូវគេឃើញសម្ដែងយ៉ាងស៊ីសង្វាក់មិនខុសពីការសម្ដែងរឿងជាមួយគ្នាកាលពីច្រើនឆ្នាំមុនឡើយ។ អ្វីដែលគេកត់សម្គាល់នោះ គឺអ្នកនាងរមែងលើកឡើងនូវអនុស្សាវរីយ៍ជាច្រើនជាមួយលោកទេព រិន្ទដារ៉ូ យកមកធ្វើជាប្រធានបទលេងសើច និងប្រាប់ដល់តារារួមសម្ដែង ដែលបង្ហាញយ៉ាងច្បាស់ថា អនុស្សាវរីយ៍រវាងអ្នកនាង និងលោកទេព រិន្ទដារ៉ូនៅតែបានដក់ជាប់បើទោះជាបែកគ្នាយូរ។
តារាស្ទើរទាំងអស់បានអះអាងថា អ្នកនាងអម្ពរ ទេវី មានចិត្តរំភើបយ៉ាងខ្លាំងក្នុងឱកាសអ្នកនាង និង លោកទេព រិន្ទដារ៉ូ បានសម្ដែងរួមគ្នាជាថ្មីក្នុងរឿង«ទឹកចិត្តម្ដាយសម័យថ្មី»។ ម្នាក់ៗសុទ្ធតែលើកឡើងថាអ្នកនាងមិនត្រឹមតែមិនឆ្មើងឆ្មៃចំពោះតារាជំនាន់ក្រោយប៉ុណ្ណោះទេ គឺ ថែមទាំងលើកពីនេះលើកពីនោះ ពាក់ព័ន្ធនឹងអតីតកាលសម្ដែងរឿងជាមួយលោកទេព រិន្ទដារ៉ូ ធ្វើឲ្យក្រុមការងារ និងតួសម្ដែងបានសប្បាយក្នុងពេលសម្រាកថតនោះផង។ តារាដែលបានរួមសម្ដែងបានអះអាងថាបើតាមអ្វីដែលអ្នកនាងអម្ពរ ទេវី បានរំលឹក គឺទោះជាអ្នកនាងរៀបរាប់បីយប់បីថ្ងៃក៏មិនអស់អនុស្សាវរីយ៍ជាមួយលោកទេព រិន្ទដារ៉ូ ដោយសារតែអ្នកនាងបង្ហាញវត្តមានគ្រប់ពេលថតរឿង គឺចេះតែមានរឿងសប្បាយៗត្រូវរំលឹកជាមួយលោកទេព រិន្ទដារ៉ូ មិនចេះអស់។ ក្នុងនោះអ្នកនាងក៏សរសើរថាលោកទេព រិន្ទដារ៉ូ ជាតារាគួរឲ្យគោរព មានទឹកចិត្តល្អ និងចាត់ទុកជាបងប្រុសម្នាក់ដែលអ្នកនាងយល់ថាជាដៃគូដែលធ្វើឲ្យអ្នកនាងមានឈ្មោះបោះសំឡេងនោះផងដែរ។
មកទល់ពេលនេះមានការបញ្ជាក់ថា អ្នកនាងថតរឿង«ទឹកចិត្តម្ដាយសម័យថ្មី!» បានជិតចប់ហើយ ដោយប្លង់ដែលអ្នកនាង និងលោកទេព រិន្ទដារ៉ូ ចេញនៅព្រលានយន្តហោះ ក្នុងឈុតមកទទួលកូនស្រីចុះពីក្រៅប្រទេសបានធ្វើឲ្យមហាជនចោមរោមសុំថតទាំងចាស់ទាំងក្មេងតែម្ដង ដែលមានន័យថា ប្រជាប្រិយភាពរបស់អ្នកនាងនៅតែខ្លាំង។ អ្នកនាងនឹងគ្រោងត្រលប់ទៅវិញឆាប់ៗ ប៉ុន្តែមិនទាន់ច្បាស់ថានឹងទៅថ្ងៃនៅថ្ងៃទី២៨ សីហា នេះតាមការគ្រោងទុកឬយ៉ាងណាឡើយ ក្នុងពេលដែលអ្នកនាងក៏ស្ទាក់ស្ទើរពីគម្រោងពន្យារពេល៕


























មតិយោបល់