អចលន​ទ្រព្យ

១៦៨ក្រុមហ៊ុន ចូលរួមបង្ហាញផលិតផល ៦០០ប្រភេទ ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា

កាលពីម្សិលមិញនេះ សមាគមអ្នកសាងសង់កម្ពុជា (CCA) បានប្រកាសបើកមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ជាផ្លូវការ ចាប់ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០១៧នេះ នៅសាលសន្និបាតនៃ មជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងពិព័រណ៍នេះ មាន ១៦៨ក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅប្រទេស មានប្រមាណ ៣០០ស្តង់ បានចូលរួមដាក់តាំងផលិតផលជាច្រើនប្រមាណជាង ៦០០ប្រភេទ ដែលនាំចូលពី បណ្តាប្រទេសជាច្រើនលើពិភពលោក។

នាឱកាសនោះ​ លោក ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍នេះ នឹងផ្តល់ឱកាសឲ្យសមាជិកសមាគម និងក្រុមហ៊ុនទាំងអស់ ដែលមានធុរកិច្ចលើ វិស័យសំណង់ បានទំនាក់ទំនងពិភាក្សាអំពី កិច្ចការជំនួញពាណិជ្ជកម្មជាមួយគ្នាដោយផ្ទាល់ ដើម្បីយល់ច្បាស់ពី តម្រូវការ និងការផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា។

លោក ជា សុផារ៉ា​ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានកោតសរសើរចំពោះ លោក ពុង ឃាវសែ ដែលបានរៀបចំពិធីនេះឡើង នឹងជួយផ្សារភ្ជាប់អ្នកពាក់ព័ន្ធក្នុងវិស័យសំណង់ ឲ្យបានជួបពិភាក្សាគ្នាដោយផ្ទាល់អំពី តម្រូវការ និងការផ្គត់ផ្គង់។

គួរបញ្ជាក់ថា សមាគមគ្រោងនឹងរៀបចំ មហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា ជាថ្មីម្តងទៀត នៅថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ៕

មតិយោបល់