កាលពីម្សិលមិញនេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានប្រកាសបើកសម្ពោធជាផ្លូវការ បន្ទាប់ពីចំណាយ ៥លានដុល្លារអាមេរិក បញ្ចប់លើ ផែនការកែទម្រង់ និងកែលម្អ។
ផ្សារទំនើប Sorya Center Point ដែលត្រូវបានផ្លាស់ប្តូរឈ្មោះពី អតីតផ្សារទំនើបសូរិយា នឹងក្លាយជាផ្សារទំនើបទេសចរថ្មីដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្សារទំនើបសូរិយា បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០០៣ លើផ្ទៃក្រឡាសរុប ៤ម៉ឺនម៉ែត្រការ៉េ និងមានកម្ពស់ ៥ជាន់ ហើយបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈ ការទាក់ទាញវិនិយោគិន ព្រមទាំងបង្កើតឱកាសការងារជូន ប្រជាពលរដ្ឋកម្ពុជា។
ការផ្លាស់ប្តូរមុខមាត់ថ្មីនេះ ក៏មានគោលដៅចាប់យកចំណែកទីផ្សារមកវិញ តាមរយៈការកែប្រែរចនាបថថ្មី ដែលជារចនាបថខ្មែរ ព្រមទាំងការលក់នូវ ផលិតផលខ្មែរជាច្រើនមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស ឲ្យបានកាន់តែច្រើន។
គួរជម្រាបដែរថា ការកែប្រែទម្រង់ថ្មីនេះ មិនបានបន្ថែមចំនួនតូបលក់នោះទេ មានតែកាត់បន្ថយរហូតដល់ទៅ ៥០ភាគរយ ដើម្បីរក្សាទីធ្លាឲ្យកាន់តែធូលាយជាងមុន និងមានផាសុកភាព៕
មតិយោបល់