ក្រុមហ៊ុន អ & អេហ្វ បានបោះទុនវិនិយោគប្រមាណ ៧០០លានដុល្លារអាមេរិក លើគម្រោងសាងសង់បុរីប្រណីត លើផ្ទៃដីជិត ៨ហិកតា នៅចំកណ្តាលទីក្រុងភ្នំពេញនេះ ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន (៦០ម៉ែត្រ)។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់បុរីប្រណីត លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា កំណើនប្រជាជនមកកាន់រាជធានី នឹងជំរុញដល់ការអភិវឌ្ឍសំណង់លំនៅឋាន គិតទាំងតំបន់ជាយក្រុងផងដែរ ហើយរាជរដ្ឋាភិបាលកំពុងគិតគូរពីតម្រូវការលំនៅឋាន ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង។
លោក បានឱ្យដឹងទៀតថា ក្នុងឆ្នាំ ២០១៦ កន្លងទៅទុនវិនិយោគក្នុងវិស័យសំណង់ មានប្រមាណ ៥ ៥៨០ លានដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ ២០១៥ កើនឡើងប្រមាណ ៦៧.១៥% និង ក្នុងរយៈពេល ១០ខែ នៃឆ្នាំ ២០១៧ នេះ មានប្រមាណ ៦ ២៦៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៦ គឺមានកំណើនប្រមាណ ២៧,៦៨% និងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ២០០.០០០ នាក់ក្នុង ១ថ្ងៃ។
លោក យ៉ាន លីលីន អគ្គនាយកក្រុមហ៊ុន អ & អេហ្វ បានលើកឡើងថា គម្រោងសាងសង់ឡើងនៅចំកណ្តាលទីក្រុងភ្នំពេញនេះ ដោយសារឃើញពីសក្តានុពលយ៉ាងធំធេងនៃកំណើនប្រជាជន ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន ប្រទេសកម្ពុជាទាំងមូល។
លោកបានបន្ថែមថា គម្រោងដែលសាងសង់លើផ្ទៃដីសរុបជិត ៨ហិកតា ក្រោមទុន ៧០០លានដុល្លារនេះ នឹងរួមចំណែកបំពេញតម្រូវការលំនៅឋាន នៅក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល១៥ឆ្នាំចាប់ពីឆ្នាំ ២០១៥-២០៣០ តម្រូវការលំនៅឋានសម្រាប់ តំបន់រាជធានីក្រុង និងទីប្រជុំជននឹងកើនប្រមាណ ៨០ម៉ឺនលំនៅឋាន ដែលគិតជាធម្យម ប្រមាណ ៥០.០០០ លំនៅឋានក្នុងមួយឆ្នាំៗ៕
មតិយោបល់