អចលន​ទ្រព្យ

ស្ពានអាកាសផ្សារដីហុយ ឈានដល់ដំណាក់កាល ចាក់បេតុងកម្រាលចុងក្រោយ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ពានអាកាសផ្សារដីហុយ ឈានដល់ដំណាក់កាល ចាក់បេតុងកម្រាលចុងក្រោយហើយ។

ស្ពានអាកាសស្តុបផ្សារដីហុយ ដែលជាស្ពានអាកាសទី៥ នៅក្នុងរាជធានីភ្នំពេញ គ្រោងនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។

​ឯកឧត្តម នូ វឌ្ឍនៈ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ឱ្យ AKP ដឹងថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននេះ គឺដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍របស់ ប្រជាពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះ។

ប៉ុន្ដែបើទោះបីយ៉ាងណាក្ដី ស្ពានអាកាសស្តុបផ្សារដីហុយនេះ នឹងផ្អាកដំណើរការឡើងវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានបញ្ចប់ ដើម្បីឱ្យក្រុមបច្ចេកទេស បញ្ចប់ការសាងសង់ ហើយក្រុមការងារបច្ចេកទេស ត្រូវការពេលយ៉ាងហោចណាស់ ក៏ពីរខែទៀតដែរ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែររួច ដើម្បីរៀបចំបង្ហើយ ការងារដែលនៅសល់។

 

​ស្ពានអាកាសស្តុបផ្សារដីហុយ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ ជាគម្រោងហិរញ្ញប្បទានរបស់ប្រទេសចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យបច្ចេកទេសដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន ៤ គឺស្ពានអាកាសតិចណូ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសពេទ្យលោកសង្ឃ និងស្ពានអាកាសស្ទឹងមានជ័យ ហើយស្ពានអាកាសចោមចៅ គ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខ៕

មតិយោបល់