ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ ការបន្តជំរុញអភិវឌ្ឍន៍វិស័យសំណង់ ដែលទុនវិនិយោគនៅក្នុងឆ្នាំ ២០១៧ មានជាង ៦,៤០០លានដុល្លារអាមេរិក គឺកើនឡើងជិត ២២ភាគរយ ធៀបនឹងឆ្នាំ២០១៦ និងផ្ដល់ការងារប្រចាំថ្ងៃជូនយុវជនប្រមាណ ២សែននាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រសួងរៀបចំដែនដី បានដាក់ចេញនូវទិសដៅឆ្នាំ ២០១៨ ដោយជំរុញការប្រកាសតំបន់វិនិច្ឆ័យតាមភូមិនៅទូទាំងប្រទេស ដើម្បីពន្លឿនការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ដែលបច្ចុប្បន្នសម្រេចបាន ៦៦.៤ភាគរយ នៃក្បាលដីប៉ាន់ស្មានសរុបប្រមាណ ៧លានក្បាលដី។
ក្នុងរបាយការណ៍បានលើកឡើងទៀតថា គ្រប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំណង់ផ្ដល់ជូនសាធារណជន និងលំហសាធារណៈ ដូចជាបណ្ដាញផ្លូវ ផ្លូវថ្មើរជើង ចិញ្ចើមផ្លូវ សួនច្បារ ចំណតយានយន្ត ស្ថានីយ៍រថភ្លើង ព្រលានយន្តហោះ អគាររដ្ឋបាល សាលារៀន គ្រឹះស្ថានអប់រំ មន្ទីរពេទ្យ មណ្ឌលសុខភាព និង គម្រោងសាងសង់បុរី លំនៅឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ រោងចក្រ និងអគារឯកជន ផ្សេងៗទៀត ត្រូវចាត់ចែងឱ្យមានទីកន្លែង បរិក្ខារ និងសេវាសម្រាប់ជនពិការគ្រប់ប្រភេទ ដូចជាការរៀបចំផ្លូវជម្រាល ផ្លូវដើរ ជណ្ដើរ បង្កាន់ដៃសុវត្ថិភាព ភ្លើងសញ្ញា ស្លាកសញ្ញា និងបរិក្ខារជំនួយសុវត្ថិភាពផ្សេងៗសម្រាប់ជនពិការ។
លើសពីនេះទៀត ក្រសួងប្រកាសបន្តការពារដីចំណីឆ្នេរ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ កម្ពុជា ដោយរៀបចំយុទ្ធសាស្ត្រជាតិសមាហរណកម្មការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ផែនការរៀបចំដីខេត្ត ប្លង់គោលប្រើប្រាស់ដីក្រុង ផែនទីឆ្នេរសមុទ្រ ដីឆ្នេរសមុទ្រ និងប្លង់គោលប្រើប្រាស់ដីកោះ នៅខេត្តទាំង៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា។
របាយការណ៍បានលើកឡើងទៀតថា ក្រសួងរៀបចំដែនដីបន្ដពង្រីកកិច្ចសហប្រតិបត្តិការជាមួយ វិស័យឯកជនក្នុងការអនុវត្ត «គោលនយោបាយលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ» ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានចំណូលមធ្យម ចំណូលទាប និងជនងាយរងគ្រោះ។
ក្នុងនោះ បន្តធ្វើប្រតិភូកម្មដល់រដ្ឋបាលស្រុកដែលបានរៀបចំលក្ខណៈសម្បត្តិសមស្របចំនួន ៤៤ស្រុកបន្ថែមទៀត ក្នុងការចេញលិខិតអនុញ្ញាតសាងសង់លំនៅឋាន ដែលមានផ្ទៃក្រឡាសំណង់មិនលើសពី៥០០ម៉ែត្រការ៉េ និងកម្ពស់មិនលើសពី ២ជាន់ គិតទាំងជាន់ផ្ទាល់ដី ដើម្បីឈានទៅសម្រេចបាន ៩០ ក្រុង ស្រុក ខណ្ឌ ត្រឹមឆ្នាំ ២០១៨ ដែលបច្ចុប្បន្នបានធ្វើប្រតិភូកម្មដល់ក្រុង ស្រុក ខណ្ឌចំនួន ៤៦រួចហើយ។
ក្រសួងរៀបចំដែនដីបានប្រកាសបន្តពង្រឹងការប្រមូលចំណូលថវិកាជាតិ ដែលនៅឆ្នាំ ២០១៧នេះ ប្រមូលចំណូលបានជិត ៩៣លានដុល្លារ កើនឡើង ២១លានដុល្លារ បើធៀបនឹងឆ្នាំ២០១៦៕
មតិយោបល់