អចលន​ទ្រព្យ

ចិន គ្រោងបង្កើតរោងចក្រកែច្នៃដំឡូងមីឲ្យបាន ២០ ទូទាំងប្រទេស

កាលពីម្សិលមិញនេះ នៅទីស្តីការក្រសួងមានពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន ហ្គ្រីនលីដឌ័រកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហការលើ ការអនុវត្តផែនការសកម្មភាពនៃ គម្រោងអភិវឌ្ឍវិស័យផលិតកម្មដំឡូងមី ក្នុងខេត្តដែលមានសក្តានុពលដូចជាខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តកំពង់ចាម ក្រចេះ និងខេត្តត្បូងឃ្មុំ -ល- ដែលនឹងគ្រោងធ្វើការដាំដុះលើផ្ទៃដីគំរូជិត ២ម៉ឺនហិកតា។

លោក Zhan Sanhuo ប្រធានក្រុមប្រឹក្សាភិបាលបានបញ្ជាក់ជូនជ្រាបថា ក្រុមហ៊ុននឹងអនុវត្តកិច្ចសន្យាកសិកម្ម (contract farming) ជាមួយដៃគូអ្នកផលិត ឬកសិករតាមរយៈការផ្តល់ទុន ពូជ ជី និងបច្ចេកទេសដាំដុះ រួចប្រមូលទិញមកវិញនូវផលិតផលក្នុងតម្លៃឯកភាពតាមខ្លឹមសារនៃកិច្ចសន្យា។

លោកបានបន្តទៀតថា ក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ពីគម្រោងចាប់ផ្តើម ក្រុមហ៊ុននឹងធ្វើការសាងសង់រោងចក្រកែច្នៃចំនួន ៣ ហើយក្នុងរយៈពេល ៥ឆ្នាំនៃគម្រោង នឹងសាងសង់រោងចក្រកែច្នៃចំនួន ២០ ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយសន្យាប្រមូលទិញផលិតផលដំឡូងមីមួយចំនួនធំ ហើយនឹងអាចកាត់បន្ថយការហូរចេញដំឡូងមីស្រស់ទៅកាន់ប្រទេសជិតខាង។

គម្រោងនេះ នឹងជួយបង្កើនតម្លៃបន្ថែមឲ្យផលិតផលនេះ តាមរយៈការកែច្នៃរួចនាំចេញទៅកាន់ទីផ្សារចិននិងអន្តរជាតិ ហើយចំពោះផលិតករ ដែលនឹងសហការចូលរួមក្នុងគម្រោងការធ្វើកសិកម្មតាមកិច្ចសន្យា អាចនឹងទាញយកប្រយោជន៍តាមរយៈ ការបង្កើនផលិតភាពផលិតកម្មដំឡូងមីទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមស្តង់ដារទីផ្សារនាំចូល ដោយសារការអនុវត្តបច្ចេកទេសថ្មី។

គួរជម្រាបថា ៩០ភាគរយនៃដំឡូងមី ដាំដុះនៅកម្ពុជា ត្រូវបាននាំចេញទៅប្រទេសថៃ និងវៀតណាម ខណៈបច្ចុប្បន្ន កម្ពុជា កំពុងដាំដុះដំឡូងមីលើផ្ទៃដីជាង ៧សែនហិកតា៕

មតិយោបល់