ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ បានចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវលើផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិលេខ៥ ដល់ផ្លូវលេខ៧០ ក្នុងខណ្ឌឫស្សីកែវ ដោយចាក់បេតុងប្រវែង ៤,៦០០ម៉ែត្រ ដែលកំពុងដំណើរការបានប្រមាណ ២៥ភាគរយហើយ។
ឯកឧត្ដម បានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណ៍ណាមួយដេញប្រជាពលរដ្ឋដែលរងផលប៉ះពាល់គម្រោងស្ថាបនាផ្លូវបេតុង លើអតីតផ្លូវរថភ្លើងក្នុងខណ្ឌឫស្សីកែវនោះឡើយ ហើយអាជ្ញាធរនឹងខិតខំរកទីតាំងឱ្យបងប្អូនរស់នៅក្បែៗនោះដោយតម្រូវឱ្យដីទំហំ ៤ម៉ែត្រ គុណនឹង១៥ម៉ែត្រ ឬ ៤ម៉ែត្រគុណនឹង ៨ម៉ែត្រតាមស្ថានភាពជាក់ស្ដែង ។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គោលបំណងដែលអាជ្ញាធរចុះមកពិនិត្យមើលការដ្ឋានស្ថាបនាគម្រោងផ្លូវចាក់បេតុងលើកំណាត់ផ្លូវរថភ្លើងនេះ គឺដើម្បីជំរុញការស្ថាបនាបន្តទៀត ដោយមិនផ្អាកការដ្ឋាននេះឡើយ ហើយក៏ដើម្បីស្តាប់នូវអ្វីដែលជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើបណ្តោយផ្លូវនេះផងដែរ។
កំណាត់ផ្លូវដែលបាននិងកំពុងស្ថាបនានេះមានប្រវែងជាង ៤.៦០០ម៉ែត្រ ដោយត្រូវឆ្លងកាត់សង្កាត់៣ គឺសង្កាត់ទួលសង្កែ,សង្កាត់ឫស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថយទំហំផ្លូវអមផ្លូវរថភ្លើង (ពីផ្លូវឬស្សីកែវ ដល់ផ្លូវបឹងកក់) ពី ៣០ម៉ែត្រ មកត្រឹម ២២ម៉ែត្រវិញ ដោយទុកចិញ្ចើមផ្លូវ ៣.៧៥ម៉ែត្រអមសងខាង។
ការទុកចិញ្ចើមផ្លូវ ៤ម៉ែត្រនេះ គឺដើម្បីបង្កប់លូ ដាំដើមឈើ តបណ្តាញទឹកភ្លើង ដាក់បង្គោលភ្លើងបំភ្លឺសាធារណៈ។ល។
ចំពោះគម្រោងនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមានមន្ទិលសង្ស័យថា អាជ្ញាធរនឹងឱ្យពូកគាត់ចេញពីទីនេះ តែក៏មានបងប្អូនភាគច្រើនអបអរសាទរចំពោះគម្រោងស្ថាបនាផ្លូវនេះដែលជាផ្លូវបេតុងក្រោយពីដកផ្លូវរថភ្លើងចេញ ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ជាច្រើនដងហើយថា រដ្ឋបាលរាជធានីភ្នំពេញមិនមានគោលការណ៍ណាមួយ ដេញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចេញពីតំបន់នេះឡើយ៕
មតិយោបល់