គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារទៅឱ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០១៧ មានទំហំទឹកប្រាក់សរុបប្រមាណ ៣.៩១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ២៤.២៨ភាគរយ នៃចំនួនឥណទានសរុប។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានជាតិ។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បង្ហាញថា ការផ្តល់ឥណទានផ្នែកសំណង់មានទំហំទឹកប្រាក់ប្រមាណ ១.៥២ពាន់លានដុល្លារអាមេរិក ការផ្តល់ឥណទានផ្នែកទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានតម្លៃទឹកប្រាក់ប្រមាណ ១.៤៨ពាន់លានដុល្លារអាមេរិក និងការផ្តល់ឥណទានផ្នែកការជួញដូរអចលនទ្រព្យ មានតម្លៃទឹកប្រាក់ប្រមាណ ៩១៧លានដុល្លារអាមេរិក។
ដោយឡែក បើតាមការសិក្សារបស់ធនាគារជាតិនៃកម្ពុជាឱ្យដឹងថា នៅក្នុងវិស័យសំណង់ការហូរចូលវិនិយោគ និងកំណើនតម្រូវការ ជាពិសេសពីប្រជាពលរដ្ឋដែលមានចំណូលមធ្យម បានរួមចំណែកជំរុញឱ្យវិស័យនេះបន្តមានកំណើនខ្ពស់នៅឆ្នាំ ២០១៨នេះ ប៉ុន្តែស្ថិតនៅក្នុងល្បឿនយឺតជាងមុន។
គិតត្រឹមដំណាច់ឆ្នាំ ២០១៧ ទំហំទឹកប្រាក់ដែលគ្រឹះស្ថានធនាគារនៅទូទាំងប្រទេសកម្ពុជា ផ្តល់ឥណទានទៅឱ្យវិស័យនានាមានប្រមាណ ១៦.១០ពាន់លានដុល្លារអាមេរិក បានកើនឡើងប្រមាណ ១៦.៨ភាគរយ បើធៀបកាលពីចុងឆ្នាំ២០១៦។
របាយការណ៍នេះក៏បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០១៧ ប្រព័ន្ធធនាគារនៅកម្ពុជា រួមមាន៖ ធនាគារពាណិជ្ជ ៣៩ ធនាគារឯកទេស ១៥ និងការិយាល័យតំណាងធនាគារបរទេស ៦៕
មតិយោបល់