អចលន​ទ្រព្យ

កូរ៉េ កំពុងសិក្សាលើ គម្រោងអភិវឌ្ឍន៍កំពង់ផែទន្លេ ពីភ្នំពេញ ដល់ ក្រចេះ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជួប ពិភាក្សាការងារជាមួយគណៈប្រតិភូមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ផ្តោតលើការសិក្សាលទ្ធភាព ធ្វើឱ្យប្រសើរឡើងដល់ផ្លូវទឹក សម្រាប់ការអភិវឌ្ឍភ័ស្តុភារកម្មកំពង់ផែ ការអភិវឌ្ឍកំពង់ផែទន្លេ ការកំណត់តំបន់កំពង់ផែ និង ជំនួយបច្ចេកទេស ដើម្បីស្វែងរកដំណោះស្រាយបង្កើនការដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញនាំចូល។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើឱ្យអង្គការ KOICA សិក្សាលទ្ធភាពនៃការកំណត់តំបន់ កំពង់ផែសម្រាប់ការអភិវឌ្ឍកំពង់ផែពី ភ្នំពេញ ដល់ ក្រចេះ។

ដោយពិនិត្យឃើញពីតម្រូវការកើនឡើងយ៉ាងឆាប់រហ័សលើការងារទាក់ទងនឹងសមុទ្រ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីកូរ៉េ ផ្តល់អ្នកជំនាញរយៈពេលយូរទាក់ទងនឹងការធ្វើឱ្យមានប្រព័ន្ធ និងបទបញ្ញត្តិច្បាប់ ស្តីពីអ៊ីដ្រូកក្រាហ្វិក(Hydrographic) និងសេវាមហាសមុទ្រ។

គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានធ្វើការកត់សម្គាល់អំពីបញ្ហានានា និងសំណើ ដែលបានលើកឡើង ហើយបានសន្យាពិភាក្សាលម្អិតបន្ថែមទៀតលើបញ្ហា និងគំនិតផ្តួចផ្តើមទាំងនេះជាមួយក្រសួង។

កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងសាងសង់ផែបណ្តែតទឹក តាមបណ្តាខេត្ត-ក្រុង ជាប់ផ្លូវទឹកទាំងអស់។

គួរជម្រាបដែរថា ការសាងសង់ផែបណ្តែតទឹកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកទូទាំងប្រទេស ឲ្យកាន់តែងាយស្រួល ក្នុងការដឹកជញ្ជូនកសិផល ផលិតផលនានា និងជលផល កាន់បន្ថយចំណាយ និងពេលវេលាបានកាន់តែច្រើន៕

មតិយោបល់