កាលពីម្សិលមិញនេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ សារមន្ទីរធម្មជាតិសកលសម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ត ឧបនាយករដ្ឋមន្រ្ដី បិន ឈិន រដ្ឋមន្រ្ដីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សារមន្ទីរធម្មជាតិសកល ប្រៀបដូចជាកញ្ចក់មួយ ដែលប្រជាជនក្នុងតំបន់អាចប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងអំពីអតីតកាលរបស់ខ្លួន។
សារមន្ទីរនេះផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានបុរាណវិទ្យានានា ហើយពាក្យថា (ធម្មជាតិ) របស់សារមន្ទីរនេះសំដៅលើសារសំខាន់ទាំងផ្នែកធម្មជាតិ និងបរិស្ថានសង្គម ដែលសារមន្ទីរធម្មជាតិសកលតាំងទីស្ថិតនៅ។
ក្រៅពីការដាក់តាំងបង្ហាញវត្ថុសិល្បៈប្រមូលមកពីប្រាសាទព្រះវិហារ និងប្រាសាទនានាក្នុងតំបន់សារមន្ទីរធម្មជាតិសកល ក៏មានបង្ហាញនូវប្រភេទសត្វ និងរុក្ខជាតិ ដែលមានលក្ខណៈពិសេស និងកំពុងប្រឈម នឹងការផុតពូជព្រមទាំងវត្ថុប្រើប្រាស់ផ្សេងៗដែលឆ្លុះបញ្ចាំងអំពីសហគមន៍ប្រជាជននៅក្នុងតំបន់ទាំងជនជាតិខ្មែរ និងជនជាតិភាគតិចកួយ។
សូមបញ្ជាក់ថា សារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារ មានទីតាំងនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រមាណ ២៣គីឡូម៉ែត្រពីរមណីយដ្ឋានប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក៕
មតិយោបល់