ភ្នំពេញៈ អ្នកបើករថយន្តកុងតឺន័រម្នាក់ សង្ស័យស្រវឹងស្រា ទើបបើកឡើងលើខឿនបុកបង្គោលភ្លើងដួលបាក់មួយដើម ខណៈតៃកុងរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវទំនប់កប់ ស្រូវ ទល់មុខផែស្ងួតតែងឡាយ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ មានតែក្បាលមិនមានទូ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-2695 ជារថយន្តរបស់ផែស្ងួតអូលែរ ដែលមានផែនៅម្តុំក្រោយវត្តជម្ពូវ័ន បានបើកតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ រថយន្តកុងតឺន័រខាងលើ បានរេចង្កូតទៅផ្នែកខាងឆ្វេង បានឡើងលើខឿនពុះចែកទ្រូងផ្លូវ បន្ទាប់មកបានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដួលបាក់កាត់ទទឹងផ្លូវ បណ្ដាលឲ្យងងឹត និងធ្វើឲ្យប្រជាពលរដ្ឋពិបាក ក្នុងកាធ្វើដំណើរតាមដងផ្លូវជាច្រើនផងដែរ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានមកអន្តរាគមន៍ភ្លាមៗ ហើយបានទាក់ទងជំនាញចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញ រថយន្តបង្កយកទៅរក្សាទុកប៉ុស្តិ៍នគរបាល ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់