យោងតាមគេហទំព័ររបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៣ ទទួលបាន «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» បានបោះទុនសរុបប្រមាណជាង ១១លានដុល្លារអាមេរិក បង្កើតការងារជាង ៤ពាន់កន្លែង វិនិយោគក្នុងវិស័យផ្សេងៗគ្នា ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនទាំង ៣ ដូចខាងក្រោម៖
១)“YILAIFA (CAMBODIA) GARMENT CO.,LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវវេងស្រេង ក្រុមទី៨ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៨៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩២៤កន្លែង។
២)“MIMASU INDUSTRIES (CAMBODIA) CO.,LTD.”:គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,២៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦០កន្លែង។
៣) )“WAM FA LEATHER CO., LTD.”:គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦៥០កន្លែង៕
មតិយោបល់