ព័ត៌មានកីឡា

ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ រុន រ៉ានី

អតីតកីឡាករ វេស្ទើនភ្នំពេញ តួនាទីជាខ្សែប្រយុទ្ធ រុន រ៉ានី បានសម្រេចចិត្តមកចូលរួមជាមួយ ក្លិបបាល់ទាត់ភ្នំពេញក្រោន និងបានចុះកិច្ចសន្យាកាលពីម្សិលមិញ ហើយនេះគឺជាក្តីស្រមៃរបស់រូបគេ។

ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំ រូបនេះបានថ្លែងថា៖ «ខ្ញំុមានបំណងចង់លេងនៅក្លឹបភ្នំពេញក្រោនប្រមាណជាពីរឬបីឆ្នាំមកហើយ ដូច្នេះថ្ងៃនេះគឺពិតជាពេលវេលាដ៏រីករាយបំផុតសម្រាប់រូបខ្ញុំ ហើយខ្ញុំសូមសន្យាថា នឹងព្យាយាមធ្វើឲ្យបានល្អបំផុតហើយខិតខំឲ្យអស់ពីសមត្ថភាពដើម្បីមិត្តរួមក្រុម ដើម្បីក្លឹប និងជាពិសេសដើម្បីអ្នកគាំទ្រតែម្តង »។

កីឡាករដែលនឹងពាក់ឯកសណ្ឋានលេខ ១៨ ជាមួយក្លិបថ្មីនេះ បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំពិតជាសប្បាយចិត្តចំពោះការក្លាយជាសមាជិករបស់ក្រុមភ្នំពេញក្រោន ដែលជាក្លឹបបាល់ទាត់ដ៏ល្អ និងលេចធ្លោជាងគេមួយនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចទាត់បញ្ចូលទីបានច្រើនតាមដែលធ្វើទៅបាន! ជាពិសេសខ្ញុំពិតជាចង់ក្លាយជាកីឡាករម្នាក់ដែលអាចរកគ្រាប់បាល់បានច្រើនជាងគេសម្រាប់ក្រុមភ្នំពេញក្រោន ដើម្បីឆ្ពោះទៅកាន់ជ័យជម្នះទាំងក្នុងក្របខណ្ឌលីគកំពូល និងទាំងក្នុងក្របខណ្ឌពានរង្វាន់សម្តេចតេជោហ៊ុន សែន ។ នេះគឺជាក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់ក្រុមថ្មី ហើយខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យក្តីប្រាថ្នានេះបានក្លាយជាការពិត! »

ខ្សែប្រយុទ្ធរូបនេះ ធ្លាប់ឈរនៅលំដាប់លេខ ២ នៃបញ្ជីឈ្មោះកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេកាលពីរដូវកាលមុនក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ជាមួយនឹងគ្រាប់បាល់ចំនួន ៨គ្រាប់ក្នុងពេលលេងនៅក្លឹបវេស្ទើន ។

មតិយោបល់