ភ្នំពេញៈ សហព័ន្ធបាល់បោះកម្ពុជា កំពុងបើកយុទ្ធនាការប្រកួតរយៈពេល៣ខែម្តង ដើម្បីសម្រាំងយកធនធានកីឡាករក្នុងស្រុក ពង្រឹងសមត្ថភាពលើវិញ្ញសា៣ទល់នឹង៣ សម្រាប់ចូលរួមដណ្ដើមមេដាយនៅស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ខាងមុខ នៅប្រទេសម៉ាឡេស៊ី។
ថ្លែងក្នុងពិធីបើកការប្រកួតបាល់បោះវិញ្ញាសា ៣ ទល់ ៣ កាលពីពេលថ្មីៗនេះ អគ្គលេខាធិការរង លោក កៅ កាន់ណាលី បញ្ជាក់ថា សហព័ន្ធកំពុងអនុវត្តផែនការប្រកួតប្រចាំត្រីមាស ដើម្បីជ្រើសយកយុវជន ដែលមានជំនាញ និងទេពកោសល្យខ្ពស់ មកបង្វឹកបន្ថែម ត្រៀមប្រជែងលើវិញ្ញាសាកំពុងខ្វះអត្តពលិកមួយនេះ។
«យើងធ្វើការប្រកួតជារៀងរាល់ពេល គឺ៣ខែម្តង ៣ខែម្តង ដើម្បីយើងរកមើលក្មេងដែលមានសក្តានុពល មានកម្រិតបច្ចេកទេសខ្ពស់ ដើម្បីយកគាត់មកហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈស៊ីហ្គេម។ យើងនឹងខំបណ្តុះបណ្តាល ដើម្បីឲ្យគាត់ហ្នឹងមានកម្រិតបច្ចេកទេសខ្ពស់ ហើយយើងយកពួកគាត់ក្នុងស្រុកហ្នឹងហើយ ទៅស៊ីហ្គេម។ នៅក្នុងការប្រកួត ៣ ៣ ច្បាប់គេអនុញ្ញាតិឲ្យយើងយកកីឡាករតែ៤នាក់ទេ គឺ៣នាក់លើទីលាន ហើយម្នាក់ទៀតចាំដូរ មិនដូចពី ៥ ៥ មានកីឡាករ១២នាក់»។
នេះទំនងជាបដិវត្តថ្មីរបស់វិស័យបាល់បោះនៅកម្ពុជា ដែលចាប់ផ្តើមបង្កើតធនធានក្នុងស្រុក ខណៈរយៈពេល៤-៥ឆ្នាំចុងក្រោយនេះ សហព័ន្ធពឹងតែលើកូនខ្មែរ នៅអាមេរិក ដែលពួកស្រលាញ់ជាតិ និងចូលចិត្តកីឡាបាល់បោះហ៊ានចំណាយធនធានផ្ទាល់ខ្លួនមកលេងតំណាងប្រទេស។
វិញ្ញាសាបាល់បោះ ៣ ទល់នឹង ៣ ទើបតែត្រូវបានសហព័ន្ធបាល់បោះម៉ាឡេស៊ី ដាក់បញ្ចូលទៅក្នុងស៊ីហ្គេម ក្នុងនាមជាម្ចាស់ផ្ទះនៅឆ្នាំ២០១៧ខាងមុខ បន្ថែមលើវិញ្ញាសា៥-៥ ដែលមានស្រាប់នៅក្នុងព្រិត្តិការណ៍កីឡាកម្រិតតំបន់មួយនេះ៕
មតិយោបល់