ខ្សែបម្រើវ័យ ៣២ឆ្នាំរបស់ក្រុម Sunderland កីឡាករ Sebastian Larsson មិនបន្តចូលរួមជាមួយក្រុមឆ្មារខ្មៅ Sunderland ទៀតឡើយ ដោយសម្រេចចិត្តមកកាន់ក្រុម Hull City វិញម្តងនៅរដូវកាលថ្មីនេះ នាក្របខ័ណ្ឌ Championship ។
បើតាមការចុះផ្សាយ របស់ Mirror បានឲ្យដឹងថា Sebastian Larsson បានយល់ព្រមផ្លាស់មកលេងឲ្យក្រុម Hull City ដោយគ្មានតម្លៃខ្លួនផ្ទេរឡើយ។ ជាការពិតណាស់ Larsson បានចុះកុងត្រារយៈពេល ១ឆ្នាំដើម្បីមកចូលរួមជាមួយក្រុម Hull City នៅរដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ កាលពីរដូវកាលមុន Sebastian Larsson បានបង្ហាញខ្លួន ២១ប្រកួតឲ្យក្រុម Sunderland ដោយមិនអាចជួយឲ្យក្រុមឆ្មាខ្មៅមួយនេះ រួចផុតពីតំបន់កាត់ចោលឡើយ។ យ៉ាងណាវិញ នៅរដូវកាលនេះ ក្រុម Hull City បានសម្រេចចិត្តផ្តល់ឱកាសឲ្យខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ បន្តលេងជាមួយពួកគេ រយៈពេល១ឆ្នាំបន្តទៀត។ បើតាមប្រភពខាងលើនេះ ប្រសិនបើ Sebastian Larsson អាចបង្ហាញទម្រង់លេងល្អគួរឲ្យចាប់អារម្មណ៍នោះ នោះក្រុម Hull City នឹងបន្តកុងត្រាថ្មីដល់កីឡាករវ័យរាងជ្រេរូបនេះ។
អ្វីដែលសំខាន់នោះគឺ ក្រុម Hull City មានបំណងចង់ត្រឡប់ទៅកាន់ក្របខ័ណ្ឌកំពូល Premier League វិញនៅរដូវកាលក្រោយនេះ។ ដូច្នេះហើយ Sebastian Larsson អាចនឹងក្លាយជាកីឡាករដើរតួសំខាន់ ក្ុងការស្រោចស្រង់ក្រុម Hull City នេះ។
មតិយោបល់