សាលារាជធានីភ្នំពេញ នឹងរៀបចំសណ្តាប់ធា្នប់ឲ្យប្រសើរឡើងវិញ នៅតាមមហាវិថី និងផ្លូវធំៗ ចំនួន ១១ខ្សែ រួមមាន មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅសេទុង មហាវិថីព្រះនរោត្តម មហាវិថីកម្ពុជាក្រោម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីមុនីរ៉េត មហាវិថីហ្សាលដឺហ្គោល ផ្លូវឧកញ៉ាទេពផន ផ្លូវលេខ ២៧១ និងផ្លូវលេខ ៧០។
នៅក្នុងសេចក្តីណែនាំនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ គ្រឹះស្ថានឯកជន ស្ថាប័នសាធារណៈ និងអ្នកប្រើប្រាស់ផ្លូវ មានរយៈពេល ២សប្តាហ៍ គិតចាប់ពីម្សិលមិញនេះ ដើម្បីធ្វើការកែសម្រួល និងរៀបចំទីតាំងរបស់ខ្លួន ឲ្យស្របតាមស្មារតីនៃសេចក្តីណែនាំ។
ចំពោះការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរនេះ គឺចាប់ផ្តើមពីផ្លូវអាទិភាពទាំង ១១ខ្សែខាងលើ បន្ទាប់មក នឹងបន្តទៅផ្លូវផ្សេងៗទៀត ដើម្បីដោះស្រាយបញ្ហាយកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងបង្កឲ្យមានបញ្ហាកកស្ទះចរាចរណ៍ជាដើម។
គួរជម្រាបដែរថា ការចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព នៅតាមដងផ្លូវសាធារណៈ គឺធ្វើឡើងបន្ទាប់ពី មានការរំលោភបំពានពី ម្ចាស់ទីតាំងអាជីវកម្ម និងអ្នកបើកបរយានយន្តគ្រប់ប្រភេទមួយចំនួន បានយកដីចំណីផ្លូវ ចិញ្ចើមផ្លូវសាធារណៈ ធ្វើសកម្មភាពផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ឯកជនរបស់ខ្លួន រួមមាន ការយកចំណីផ្លូវជាចំណតយានជំនិះ បង្កើតទីតាំងលក់ដូរឬជួល មិនទុកឲ្យមានផ្លូវថ្មើរជើងជាដើម។
សកម្មភាពទាំងអស់ខាងលើ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សណ្តាប់ធ្នាប់របៀបរៀបរយ បាត់បង់សោភ័ណភាព គ្មានផ្លូវថ្មើរជើង បង្កឲ្យមានការកកស្ទះចរាចរណ៍ ជាពិសេសគឺ ប្រព្រឹត្តិផ្ទុយនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
យ៉ាងណាមិញ បញ្ហានេះ នឹងត្រូវបានដោះស្រាយតាមដំណាក់កាល មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ពោលគឺ ផាកពិន័យតាមច្បាប់ ឬអានឈានទៅបិទទីតាំងអាជីវកម្ម ឬបញ្ឈប់សកម្មភាពនានា៕
មតិយោបល់