ព័ត៌មានកីឡា

Pogba៖ រដូវកាលនេះ Man Utd មិនខ្លាចក្រុមណាមួយឡើយ

ខ្សែបម្រើកំពុងឡើងជើង Paul Pogba បានប្រាប់ ESPN reports ថា៖ សម្រាប់រដូវកាលនេះ គឺជារដូវកាលដែលពោរពេញទៅដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ស្របពេលដែលក្រុមខ្លាំងៗ នៅអង់គ្លេសទាំងអស់ សុទ្ធសឹងតែមានទម្រង់លេងល្អ និងមានការវិវត្តន៍សមត្ថភាព គួរឲ្យកត់សម្គាល់ ក៍ប៉ុន្តែ Man Utd មិនខ្លាចរអារក្រុមណាមួយឡើយ។

នៅក្នុងការធ្វើបទសម្ភាសន៍ ជាមួយ ESPN reports ខ្សែបម្រើបារាំង Paul Pogba បានជឿជាក់យ៉ាងខ្លាំងថា ក្រុមបីសាចក្រហម Manchester United ប្រាកដជាឈ្នះពាន Premier League នៅរដូវកាលនេះ។ ជាការពិតណាស់ Pogba បានឲ្យដឹងថា Man Utd បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត ដ៍តានតឹងនៅក្នុងរដូវកាលនេះ បើទោះបីជាត្រូវប្រឈមជាមួយក្រុមខ្លាំងជាច្រើនក៍ដោយ។ ម្យ៉ាងវិញទៀត Pogba បានក្រើនរំលឹកទៅដល់មិត្តរួមក្រុមទាំងអស់ផងដែរថា ជ័យជម្នះដ៍ត្រចះត្រចង់ ៣ប្រកួតកន្លងមកនេះ គឺមិនមែនជាភាពជោគជ័យទាំងស្រុងនៅឡើយទេ ព្រោះថា ការប្រកួតនៅសល់ច្រើនទៀតណាស់ ដែលទាមទារឲ្យយើងត្រូវប្រឹងប្រែងបន្តទៀត។

បន្ថែមលើនេះ Pogba បានក្រើនរំលឹក ទៅដល់មិត្តរួមក្រុមទាំងអស់ កុំឲ្យសប្បាយភ្លេចខ្លួន នឹងជ័យជម្នះកន្លងមកនេះ ហើយមើលស្រាលលើគូប្រកួត ដែលជាហេតុនាំឲ្យក្រុមធ្វេសប្រហែស ឈានទៅរកការបរាជ័យបាន ព្រោះថារដូវកាលមុន ជាបទពិសោធន៍ស្រាប់។ យ៉ាងណាវិញ​ Pogba បានបញ្ជាក់យ៉ាងច្បាស់ថា ថ្វីបើក្រុមខ្លាំងកាន់តែច្រើនមែន នៅ Premier League តែ Man Utd មានភាគរយខ្ពស់ជាងគេ ក្នុងការឈ្នះពានឆ្នាំនេះ ដោយយោងទៅតាមការប្រកួត ៣លើកកន្លងមក។

ដូច្នេះហើយ ដើម្បីឈ្នះពានឆ្នាំនេះ ក្រុមបីសាចក្រហម Manchester United ត្រូវតែបន្តប្រឹងប្រែងបន្តទៀត ដើម្បីមហិច្ចតារដូវកាលនេះ ខណៈ Man Utd ត្រូវលេងពានជាច្រើននៅអង់គ្លេស រួមទាំងចាប់ផ្តើមវត្តមានជាថ្មី នៅក្របខ័ណ្ឌ UEFA Champion League ។

មតិយោបល់