ក្រោយពី U-19 កម្ពុជា បានធ្វើការវាយមកយកឈ្នះ ទៅលើក្រុម U-19 មីយ៉ាន់ម៉ា ដោយលទ្ធផល ៣ទល់២ កាលពីម្សិលមិញ ខណៈដែលវគ្គទី១ ក្រុមភ្ញៀវបាននាំមុខ ២គ្រាប់ តែនៅវគ្គទី២ លោក Inoue Kazunori គ្រូកម្ពុជាបានប្រាប់ទៅកីឡាករថា យើងកំពុងលេងដំណាងឲ្យជាតិ។
នៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតបុរសសញ្ជាតិជប៉ុន បានលើកឡើងថា៖ «សម្រាប់នៅវគ្គទី២ ខ្ញុំមិនបានប្រាប់អំពីបច្ចេកទេសអ្វីទៅកីឡាករទេ ខ្ញុំគ្រាន់តែប្រាប់ពួកគាត់ថា អ្នកទាំងអស់គ្នាកំពុងលេងដំណាងឲ្យជាតិ យើងជាកីឡាករជម្រើសជាតិ បើសិនយើងឈ្នះ គឺជាតិឈ្នះ បើសិនយើងចាញ់នោះគេថា យើងអន់ដដែល។ អ្វីដែលខ្ញុំប្រាប់មានតែប៉ុណ្នឹង! ហើយជាក់ស្តែងនៅវគ្គទី២ កីឡាករទាំងអស់គឺធ្វើដើម្បីជាតិមែន ទើបធ្វើឲ្យទទួលបានលទ្ធផលបែបនេះ»។
សូមបញ្ជាក់ផងដែរថា គោព្រៃកម្ពុជា នៅសល់មួយប្រកួតទៀត ដែលជួបជាមួយ U-19 ហ្វីលីពីន នាវេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នាពហុកីឡដ្ឋានជាតិ ដែលជាជំនួបចុងក្រោយ ក្នុងពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018)៕


មតិយោបល់