ព័ត៌មានជាតិ

តុលាការបង្គាប់ឱ្យឃុំខ្លួន ជើងខ្លាំងបាញ់មេឃ ៤គ្រាប់ នៅព្រៃស ជាបណ្ដោះអាសន្ន

ភ្នំពេញៈ យោងតាមប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថបានឱ្យដឹងនៅព្រឹកនេះថា លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសម្នាក់ដែលបានបាញ់ចំនួន ៤គ្រាន់នៅខណ្ឌដូនពេញកាលពីយប់ថ្ងៃទី២៤ តុលា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ដើម្បីរងចាំបន្តនីតិវិធីនាពេលក្រោយ។

ប្រភពបញ្ជាក់ថា លោក ខាំ សុផារី ជាតំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ លេង ធារ៉ា មុខរបរ មិនពិប្រាកដ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្ត កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្លូវលេខ៧៥ កែង៨៤​ ទល់មុខសណ្ឋាគារហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ យោងតាមមាត្រា ៤៩០នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ ចំណុចផ្លូវលេខ៧៥ កែង៨៤​ ទល់មុខសណ្ឋាគារហូលីដេ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ មានការ​បាញ់​បោះ​យ៉ាង​អាណាធិបតេយ្យ​ទាំង​កណ្តា​ល​យប់​ នេះ​គឺ​ដោយ​សារ​ជន​បង្ក​មាន​ទំនាស់​ជា​មួយ​ប្រពន្ធ ដែល​ធ្វើ​ការ​ងារ​ក្នុង​សណ្ឋាគារ​ហូ​លី​ដេ​ ក្រោយ​ពេល​កើត​ហេតុ​ជន​បង្ក​ត្រូវ​បាន កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​ ឃាត់​ខ្លួន​បាន​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ ។

ប្រភពដដែលបាន​​ប្រាប់​ថា ជន​បង្ក​ខាង​លើ​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​Lexus ដោយ​បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៧៥ ស្រាប់​តែ​មក​ជិត​ដល់​ក្លឹប បាន​ដក​កាំ​ភ្លើង​បាញ់ ៤​គ្រាប់​តែ​ម្តង បន្ទាប់​ពី​បាញ់​ហើយ​ជន​បង្ក​បាន​បើក​រថយន្ត មក​ឈប់​នៅ​មុខ​ក្លឹបហើយ​ក៏​ត្រូវ​អាវុធ​ហត្ថ​ឃាត់​ខ្លួន​តែ​ម្ដង៕

មតិយោបល់