ព័ត៌មានកីឡា

ម៉ម រដ្ឋា យកឈ្នះ អ៊ឹង បូរ៉ា ឡើងទៅវគ្គបន្ទាប់ដណ្តើមខ្សែក្រវាត់ TV5

កាលពីព្រលប់ថ្ងៃទី១៧ មីនា ឆ្នាំ២០១៨ ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់កំពូលជើងឯក TV5 BOXING KNOCK OUT SERIES(K-Cement) នាប៉ុស្តិ៍លេខ៥ ព្រែកកំពឹស កីឡាករ ម៉ម រដ្ឋា បានយកឈ្នះ អ៊ឹង បូរ៉ា ដោយពិន្ទុឡើងទៅវគ្គទី៣ បន្តទៀត។

ឆ្លងកាត់ការប្រកួតសរុបមានចំនួន ៣ ទឹក កីឡាករទាំងពីរ បើកឆាកទឹកទី១ មកភ្លាម ចេញដេប៉ាមកស្ទាបស្ទង់គ្នាមិនសូវជាសម្រុកបញ្ចេញធ្មុងដាក់គ្នាឡើយ ដើម្បីមិះមើលគូប្រកួតរៀងខ្លួន។ចាប់​ពីទឹកទី២ អ្នកប្រដាល់ទាំង២នេះ ត្រូវបានអាជ្ញាកណ្តាលបញ្ជាឲ្យ​វាយកំដរការប្រកួតឲ្យ​ទាក់ទាញសមជាគូដណ្តើមខ្សែក្រវ៉ាត់រដូវកាលទី២។ ដោយទឹកចុងក្រោយ ម៉ម រដ្ឋា បានវាយ​ចូល អ៊ឹង បូរ៉ា បានមួយៗរៀងមានតែមបន្តិច ខណៈដែល បូរ៉ា រកប្រឡោះវាយចូលមិនសូវជាចំគោលដៅឡើយ ទើបមិនអាចទាញពិន្ទុពីអ្នកដាក់ពិន្ទុបាន ធ្វើឲ្យហាលស្នាប់ដៃត្រឹមវគ្គនេះ។

រដូវកាលទី​ ២ នេះ មានកីឡាករចំនួន ៣២ នាក់ ចូលរួមប្រកួតដូចលើកមុនដែរ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ដែលសុទ្ធតែជាអ្នកធ្លាប់ប្រកួតលក្ខណ:អន្តរជាតិដ៏កក្រើកកន្លងមករួចហើយ ដើម្បីបង្ហាញឱកាសសារជាថ្មី។ រូបមន្តនៃការប្រកួតដូចកាលពីលើកទី ១ ដែរ ដោយតម្រូវឲ្យអ្នកចាញ់ត្រូវធ្លាក់ចេញពីការប្រកួតតែម្តង នឹងអ្នកឈ្នះឡើងទៅវគ្គបន្ត រហូតដល់វគ្គចុងក្រោយ។

ដូច្នេះហើយ កីឡាករ ម៉ម រដ្ឋា នឹងត្រូវឡើងទៅវគ្គបន្ត នៅជុំទី ៣ បន្តទៀត ខណ:ដែលការប្រកួតនេះធ្វើឡើងរៀងរាល់ថ្ងៃ សៅរ៍ ចុងសប្តាហ៍ លើទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាសង្វៀន ព្រែកកំពិស៕

ម៉ម រដ្ឋា(ក្រហម)

មតិយោបល់