ព័ត៌មានកីឡា

Neymar ទាមទារលក្ខខណ្ឌខ្ពស់មួយពី PSG

ថ្វីបើកំពុងតែរងរបួសមែនពិត តែខ្សែប្រយុទ្ធប្រេស៊ីល Neymar បានទាមទារលក្ខខណ្ឌយ៉ាងសម្បើមមួយ ពីក្រុម Paris Saint Germain ប្រសិន​បើក្លិបបារាំងមួយនេះ ចង់រក្សាទុក Neymar នៅ League1 មួយរដូវកាលទៀត។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Time – Subcription Required បានឲ្យដឹងថា ខ្សែប្រយុទ្ធ Neymar បានទាមទារតម្លៃពលកម្មប្រចាំសប្តាហ៍ ១លានផោន ដើម្បីបន្តអនាគត់នៅ Paris Saint Germain បន្តទៀត។ ការទាមទារខ្ពស់បែបនេះ បណ្តាលមកពី កីឡាករប្រេស៊ីលរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្រុម Real Madrid ហើយក្លិបអេស្ប៉ាញនេះដែរ បានត្រៀមលុយយ៉ាងច្រើនសន្ធឹកសន្ទាប់ ក្នុងការប្រ​មាញ់យក Neymar ពីក្រុម Paris Saint Germain ។

Neymar បានផ្លាស់ពី Barcelona មកកាន់ក្លិបសេដ្ឋីបារាំង កាលពីរដូវក្តៅកន្លងមក ក្នុងតម្លៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ស្មើនឹង ១៩៦លានផោន ក៍ប៉ុន្តែ Neymar ហាក់កាឡុកក្លិបបារាំងនេះយ៉ាងខ្លាំង តាមរយៈការទាមទារបាល់ ១១ម៉ែត្រមកស៊ុត ជាហេតុធ្វើឲ្យក្លិបចំណាយលុយ ១លានអឺរ៉ូ ដល់ Edinson Cavani ដើម្បីលួងចិត្តកីឡាករប្រេស៊ីលរូបនេះ។ ម្យ៉ាងវិញទៀត ថ្មីៗនេះដែរ Neymar បានទាមទារតម្លៃពលកម្ម ១លានផោន ក្នុងមួយសប្តាហ៍ ដើម្បីគម្រាមក្លិប Paris Saint Germain ក្នុងការចាកចេញ ទៅកាន់ Real Madrid ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Neymar ជាកីឡាករដែលមានតម្លៃ​ពលកម្ម ខ្ពស់ជាងគេបំផុត ពោល Neymar ទទួលបានតម្លៃពលកម្មប្រចាំសប្តាហ៍​៦៨ ម៉ឺនផោន ខណៈការទាមទាររហូតដល់ទៅ ១ លានផោននេះដែរ វាពិបាកនឹងមានកីឡាករណាម្នាក់អាចទទួលបានតម្លៃពលកម្មខ្ពស់បែបនេះឡើយ សូម្បីតែ Cristiano Ronaldo និង Lionel Messi ក៍ដោយ។

មតិយោបល់