អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានសមាជិកគណបក្សសាធារណរដ្ឋខ្លួនព្រមានបញ្ចប់តំណែង ទាក់ទងនឹងការប្រឆាំងរបស់លោក នៅក្នុងការស៊ើបអង្កេតរឿងរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។
ការព្រមាននេះ បានកើតឡើងបន្ទាប់ពីលោក ត្រាំ បានវាយប្រហារទៅលើការស៊ើបអង្កេតរបស់អតីតប្រមុខ FBI លោក Mueller ចំពោះការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ ២០១៦កន្លងទៅ ។
ដោយនៅសប្តាហ៍នេះ លោក ត្រាំ បានរំលឹកឡើងវិញថា ពុំមានការឃុបឃិតគ្នា រវាងក្រុមមន្ត្រីរបស់លោក និងរុស្ស៊ីទ្បើយ ខណៈបានហៅការស៊ើបអង្កេតនោះថា ជារឿងឆ្កួតលីលា និងថែមទាំងព្រមានបណ្ដេញលោក Mueller ចេញពីតំណែងទៀតផង។
យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋជាច្រើនរូប បាននិយាយថា លោក Mueller គួរតែត្រូវបានអនុញ្ញាតឲ្យដំណើរការស៊ើបអង្កេតរឿងនេះ ដោយអះអាងថា គ្មានអ្វីត្រូវលាក់បាំងនោះទេ ហើយពួកគេក៏ចង់ទទួលបាននូវការចែករំលែកអំពីទស្សនៈរបស់លោក Mueller នៅក្នុងរឿងនេះផងដែរ។
ក្នុងនោះពួកគេ បានបញ្ជាក់ទៀតថា «ប្រសិនបើលោក ត្រាំ ព្យាយាមរារាំង ឬបណ្ដេញលោក Mueller មែននោះ ពួកគេនឹងបញ្ចប់តំណែងប្រធានាធិបតីរបស់លោកចេញ ដោយសំអាងថា អាមេរិកជាប្រទេសនីតិរដ្ឋ»៕
មតិយោបល់