ព័ត៌មានកីឡា

ត្រឹម១តង់ ហូរឡង់លុតពរទុយហ្គាល់ដល់ទៅ ៣-០

ក្នុងការប្រកួតមិត្តភាព អន្តរជាតិ លើកទី២នេះដែរ ក្រុមជម្រើសជាតិពរទុយហ្គាល់ ហាក់គ្មានសំណាងដូចកាលជួបអេហ្ស៊ីបឡើយ ដោយត្រូវក្រុមអធិរាជទឹកក្រូច ហូរឡង់លុតយ៉ាងចាស់ដៃ ក្នុងលទ្ធផលដល់ទៅ ៣-០ ។

ថ្វីបើការប្រកួត World Cup មិនទាន់ឈានចូលមកដល់ក៍ដោយ តែការបរាជ័យ​យ៉ាងអាម៉ាស់ ក្នុងប្រទេសស្វ៊ីសយប់មិញនេះ បានបង្ហាញនូវសញ្ញាណ មិនល្អឡើយ សម្រាប់ ពរទុយហ្គាល់ ដែលកំពុងត្រៀមខ្លួនលេង World Cup នៅរុស្ស៊ី ក្នុងពេល​ដ៍ខ្លីខាងមុខនេះ។ ជាការពិតណាស់ ត្រឹម១តង់ប៉ុណ្ណោះ ពោលនៅតង់ទី១ ក្រុមហូរ​ឡង់ អាចស៊ុតបញ្ចូលទី ដល់ទៅ៣គ្រាប់លើក្រុមខ្លាំង ពរទយុហ្គាល់ ខណៈពេញ ៩០នាទី ពរទុយហ្គាល់ រកមិនបានសូម្បី១គ្រាប់វិញឡើយ។

៣គ្រាប់របស់ក្រុម​អធិរាជទឹកក្រូចហូរឡង់ រកបានដោយ ការស៊ុតបញ្ចូលរបស់កីឡាករ Memphis Depay នៅនាទីទី១១, កីឡាករ Ryan Babel នៅនាទីទី៣២ និងគ្រាប់ទី៣ រកបានដោយខ្សែការពារ Virgil van Djik នៅនាទីទី៤៥ ស្របពេលដែលខាង​ពរទុយហ្គាល់ មិនអាចរកគ្រាប់បាល់បានឡើយ បែរជារកបានកាតក្រហមជំនួស​វិញ ដែលទទួលបានដោយកីឡាករ Joao Cancelo នៅនាទីទី៦១។ យ៉ាងណាវិញ ការបរាជ័យនេះដែរ បានបង្ហាញឲ្យឃើញថា ពរទុយហ្គាល់ អាចនិង​ធ្វើមិនបានល្អឡើយ ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ ព្រោះថាហូរឡង់ ដែលជាក្រុមមួយកម្រលេងឈ្នះ ពរទុយហ្គាល់ផងនោះ បែរជាអាចបំបាក់យ៉ាង​ចាស់ដៃបែបនេះទៅហើយ។

ក៍ប៉ុន្តែ នេះគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិ​ត្រៀមប៉ុណ្ណោះ សម្រាប់ World Cup ខាមុខនេះ ពរទុយហ្គាល់ អាចធ្វើបានកម្រិត​ណានោះ ត្រូវបន្តរង់ចាំតាមដានទាំងអស់គ្នាទៀត។

https://www.youtube.com/watch?v=oK9EjSxbjUo

មតិយោបល់