Christian Vieri ដែលប្រិយមិត្តស្គាល់ច្បាស់ថាជាកីឡាករស៊ុតចូលសឹងគ្រប់ប្រកួតនិងលេងឱ្យជិត២០ក្លឹបនោះ បានប្រកាសចូលលេងបាល់ទាត់វិញហើយ បន្ទាប់ពីចូលនិវត្តន៏តាំងពីឆ្នាំ២០០៩ ហើយពេលនេះមានអាយុដល់ទៅ៤៣ឆ្នាំទៅហើយ។
ការប្រកាសចូលលេងបាល់វិញរបស់ Goal Machine រូបនេះ គឺត្រូវបានគេដឹងថាមានការចរចាមួយដ៏ធំរវាងក្លឹបនៅប្រទេសចិន និងកីឡាករផ្ទាល់។ ខាងភាគគីក្លឹបនៅចិននោះ បានឱ្យតម្លៃខ្លួន Christian ខ្ពស់ និងមានលក្ខខណ្ឌផ្ទាល់ខ្លួនជាច្រើនថែមទៀត។
ហេតុដូច្នេះហើយ ទើបបុរសសញ្ជាតិអ៊ីតាលីរូបនេះបានសរសេរបង្ហោះលើបណ្ដាញសង្គមថា៖ “អរុណសួស្ដីអ្នកទាំងអស់គ្នា មានដំណឹងធំមួយនៅថ្ងៃនេះ Bobo ត្រលប់មកវិញហើយ ខ្ញុំសម្រេចចិត្តចូលលេងបាល់ទាត់វិញនៅប្រទេសចិន។ ៥ខែមុន ខ្ញុំមានទម្ងន់១០១គីឡូ ហើយឥឡូវខ្ញុំ៩១គីឡូ ខ្ញុំចុះអស់១០គីឡូ។ ខ្ញុំនឹងសម្រក់ទៀត ឱ្យដល់៨៩គីឡូ ហើយខ្ញុំត្រៀមខ្លួនរួចរាល់ហើយ” ។
បើទោះជាប្រកាសយ៉ាងនេះក្ដី ប៉ុន្តែមិនទាន់មាននរណាដឹងច្បាស់ថាក្លឹបដែលអតីតកីឡាករលេងឱ្យជិត២០ក្លឹបខាងលើនេះទៅលេងឱ្យនោះមានឈ្មោះអ្វីនៅឡើយទេ។ ដោយតាមការរំពឹងទុក នៅខែក្រោយនេះដំណឹងផ្លូវការនឹងប្រកាសហើយ។
Christian Vieri ជាអតីតខ្សែប្រយុទ្ធមុតស្រួចខ្លាំងណាស់ ដោយរូបគេចូលលេងឱ្យជម្រើសជាតិអ៊ីតាលីបាន៤៩ប្រកួតរកបាន២៣គ្រាប់។ ខណៈដែលកាលលេងនៅ Inter Milan រូបគេរកបាន១០៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៤៣ប្រកួត។ ក្លឹបធំៗនៅអ៊ីតាលី ដូចជា Inter Milan , Lazio , Juventus , AC Milan Fiorentina និង Torino ជាដើមនោះ សុទ្ធតែកីឡាកររូបនេះធ្លាប់លេងឱ្យអស់ហើយ៕
មតិយោបល់