ក្រុមជម្រើសជាតិថៃ បានចាញ់ក្រុមអារ៉ាប់រួម ១-០ កាលពីយប់មិញនេះ ខណៈដែលខ្សែបម្រើ Sarach Yooyen ក៏ទទួលបានកាតក្រហមថែមទៀត មិនអាចចូលលេងប្រកួតក្រោយបានទេ។
នៅចំពោះមុខអ្នកគាំទ្រជិត៥ម៉ឺននាក់កាលពីយប់មិញ ក្រុមភ្ញៀវថៃ សឹងតែរក្សាលទ្ធផលស្មើគ្នា ០-០ បានបាត់ទៅហើយ ប៉ុន្តែនៅនាទី៨៤ ខ្សែបម្រើ Yooyen បែរជាបង្កកំហុសឱ្យមានបាល់ប៉េណាល់ទីទៅវិញ។ ស្របពេលដែលលទ្ធផល ១-០ រក្សារហូតដល់ចប់ការប្រកួត ដែលធ្វើឱ្យក្រុមថៃបាត់បង់៣ពិន្ទុក្នុងការប្រកួតជម្រុះពានរង្វាន់ Word Cup 2018 ជុំទី២។
អ្វីដែលកាន់តែគួរឱ្យស្ដាយទៀតនោះ គឺខាងថៃនៅពេលចប់ការប្រកួតទៅហើយ Yooyen បានទៅតវ៉ាជាមួយលោកអាជ្ញាកណ្ដាល បណ្ដាលឱ្យបានកាតលឿងមួយទៀត សរុបបាន២កាត ស្មើកាតក្រហមមួយតែម្ដង។ នេះមានន័យថា កីឡាកររូបនេះមិនអាចចូលជួយជម្រើសជាតិថៃបានទេ ក្នុងការប្រកួតទី២ ប៉ះជប៉ុនក្នុងដីខ្លួនឯងនៅថ្ងៃទី៦ខាងមុខនេះ។
ទន្ទឹមនឹងការមិនបានជួយក្រុមនេះដែរ ខ្សែបម្រើរបស់ក្លឹប Muangthong United បាននិយាយសុំទោសចំពោះកាយវិការរបស់ខ្លួន ហើយសោកស្ដាយដែលបណ្ដាលឱ្យកើតរឿងនេះឡើង ខនខានមិនបានជួយក្រុមក្នុងប្រកួតទី២ ពេលប៉ះក្រុមខ្លាំងជប៉ុន៕
មតិយោបល់