ភ្នំពេញៈ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Tanaka Yasushi អគ្គនាយកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការ JICA និងជាតំណាងអង្គការJICA ប្រចាំកម្ពុជា ឯកឧត្តម Aunny IENG អភិបាលរងនៃគណៈអភិបាលសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពីស្ថានភាពនៃការសិក្សាលទ្ធភាពអនុវត្តគម្រោង AGT (ប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្ត ) ដែលភ្ជាប់រាជធានីភ្នំពេញទៅកាន់ព្រលានយន្តហោះភ្នំពេញ។
លោក Yasushi បានជម្រាបជូនលោកទេសរដ្ឋមន្រ្តីថា អង្គការJICA បានធ្វើការសិក្សាអំពី លទ្ធភាពដំបូងនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូននៅតាមជាយក្រុងសម្រាប់រាជធានីភ្នំពេញកាលពីឆ្នាំទៅ ហើយបច្ចុប្បន្នកំពុងរៀបចំធ្វើការសិក្សាអំពីលទ្ធភាពពេញលេញ។
លោក ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងការចាប់អារម្មណ៍យ៉ាងមុតមាំចំពោះគម្រោង AGT នេះ ដែលជាគម្រោងមួយអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណា ការផ្តល់មូលនិធិសម្រាប់គម្រោងនេះ នៅតែជាបញ្ហាដែលកំពុងពិចារណាដោះស្រាយនៅឡើយ។ ហើយលោក បានស្នើសុំឲ្យអង្គការ JICA ពិភាក្សាអំពីបញ្ហានៃការផ្តល់មូលនិធិនេះ ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុនពេលចាប់ផ្តើមការសិក្សាពីលទ្ធភាពពេញលេញ ៕
មតិយោបល់