អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ គឺលោក Stephen Hawking បានព្រមានថា មនុស្សកំពុងឋិតក្នុងគ្រោះថ្នាក់ដែលកើតចេញពីការបំផ្លាញ់ខ្លួនឯង ហើយអាចប្រឈមនឹងការផុតពូជ ក្នុងរយៈពេល ១០០ ឆ្នាំទៀត ខណៈពិភពបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមានដំណើរការវិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
លោកបានថ្លែងប្រាប់សារព័ត៌មាន BBC ថា ខណៈដំណើរវិវឌ្ឍនៃបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមានភាពជឿនលឿនទៅមុខ វាក៏បង្កើតឱ្យមាននូវមធ្យោបាយថ្មីៗដែលនាំឱ្យគ្រប់យ៉ាងផ្លាស់ប្តូរទៅរកផ្លូវខុសផងដែរ។ លោកបន្ថែមថា សង្គ្រាមបរិមាណូ បម្រែបម្រួលអាកាសធាតុ និងបណ្តាមេរោគដែលបង្កឡើងដោយវិស្វកម្មហ្សែន ជាដើមនោះ គឺជាប្រថ្នូលនៃសេចក្តីវិនាសចំពោះអ្នកបង្កើតរបស់យើងផ្ទាល់។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលលោក Hawking បានឱ្យសញ្ញាអាសន្នចំពោះមហន្តរាយដែលបង្កើតឡើងដោយមនុស្ស លើមនុស្សជាតិ នាថ្ងៃអនាគតខាងមុខ។ ក្នុងឆ្នាំ ២០១៤ គាត់ក៏បាននិយាយដែរថា វត្តមាននៃបច្ចេកវិទ្យា Artificial Intelligence (AI) ឬហៅថាបញ្ញាញាណនិម្មិត (ម៉ាស៊ីន ឬកម្មវិធីដែលចេះយល់ដឹង និងរៀនអ្វីថ្មីៗដោយខ្លួនឯង) អាចជាថ្ងៃបញ្ចប់នៃពូជសាសន៍មនុស្សបាន។
តារាវិទូរូបនេះបានបញ្ជាក់ថា គាត់គឺជាមនុស្សដែលមានសុទិដ្ឋិនិយមដ៏ជ្រាលជ្រាវម្នាក់ ហើយគាត់ជឿថា យើងអាចជម្នះបញ្ហាប្រឈមមុខផ្សេងៗរបស់មនុស្សជាតិ។ ប៉ុន្តែ ប្រសិនបើវាមិនអាចទប់ស្កាត់បានទេនោះ មធ្យោបាយតែមួយគត់ដែលយើងអាចធ្វើបានដើម្បីរស់រានមានជីវិតនោះគឺ យើងត្រូវទៅដាក់អណានិគមនៅភពតមួយផ្សេងទៀត ដូចជា ភពព្រះអង្គារ ជាដើម។
លោក Stephen Hawking បានបន្ថែមថា ទោះយ៉ាងណា វាទំនងជាមិនអាចទៅរួចទេ នារយៈពេល ១០០ ឆ្នាំខាងមុខ ប៉ុន្តែ ពេលនោះមនុស្សជាតិនឹងរស់ដោយឋិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ខណៈបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមានភាពកាន់តែទំនើបខ្លាំង តែនៅលើភពផែនដីគ្មានទីសុវត្ថិភាព៕

ប្រភពព័ត៌មានៈ businessinsider
មតិយោបល់