ព័ត៌មានបច្ចេកវិទ្យា

Samsung បញ្ចេញអេក្រង់កុំព្យូទ័រកោងបណ្តោយវែងបំផុត ផ្គាប់ចិត្តអ្នកលេងហ្គេម និងឌីហ្សាញអាជីព

នៅថ្ងៃសុក្រ កន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានបើកបង្ហាញម៉ូនីទ័រ ឬហៅថាអេក្រង់កុំព្យូទ័រកញ្ចក់កោង ដែលមានបណ្តោយវែងបំផុតមិនធ្លាប់មានរបស់ខ្លួន ម៉ូឌែល CHG90 ជាមួយមាត្រដ្ឋានរូបភាព ៣២:៩ (បណ្តោយ ៣២ អីុញ ទទឹង ៩ អីុញ)។

CHG90 ម៉ូឌែលថ្មី ដែលមានបណ្តោយអេក្រង់មហាសែនវែងនេះ គឺមានទំហំអេក្រង់ ៤៩ អីុញ អាចបញ្ចាំងរូបភាពបានមុំរហូតដល់ ១៧៨ ដឺក្រេ ហើយវាត្រូវបានរចនាឡើង សម្រាប់បំពេញក្តីសុបិនរបស់អតិថិជនដែលស្នេហាហ្គេមកម្សាន្តទំនើបៗ និងអ្នករចនាក្រាហ្វិកអាជីពៗនានា។

អេក្រង់កុំព្យូទ័រដ៏ពិសេសបែបនេះ ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យា FreeSync 2 របស់ក្រុមហ៊ុន AMD និងអាចបន្ថែមផ្ទៃនៃឈុតឆាកក្នុងវីដេអូហ្គេមមួយចំនួនដូចជា Battlefield 1 នៅខាងឆ្វេង និងខាងស្តាំបាន ដែលធ្វើឱ្យអ្នកលេងមើលឃើញសកម្មភាពក្នុងហ្គេមបានពេញភ្នែកល្អបំផុត។

បន្ថែមពីលើនេះ វាក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់បើកហ្គេមលេង និងធ្វើការងារមួយផ្សេងទៀតក្នុងពេលដំណាលគ្នា លើផ្ទៃអេក្រង់មួយចំហៀងទីទៃពីគ្នាបានយ៉ាងងាយស្រួលផងដែរ ដោយវាមានខ្នាតបញ្ចាំងរូបភាពកម្រិត Full HD ពីរ លើផ្ទៃអេក្រង់តែមួយ។

Samsung CHG90 អាចកម្ម៉ង់ទិញមុនចាប់ពីពេលនេះបាន ជាមួយតម្លៃ ១,៥០០ ដុល្លារ (មិនទាន់គិតពន្ធនាំចូល)៕

ប្រភពព័ត៌មាន: businessinsider

មតិយោបល់