ព័ត៌មានបច្ចេកវិទ្យា

នាពេលខាងមុខ គ្រប់គ្នាមិនចាំបាច់ខ្វល់រឿងអេក្រង់ទូរសព្ទធ្លាក់បែកទៀតទេ ដោយសារតែជប៉ុនទើបរកឃើញបច្ចេកវិទ្យាអេក្រង់…

នាពេលអនាគតដ៏ខ្លីខាងមុន លោកអ្នកប្រហែលជាលែងបារម្ភចំពោះសុវត្ថិភាពរបស់អេក្រង់ទូរសព្ទស្មាត​ហ្វូនរបស់ខ្លួនពីការបែកប្រេះតទៅទៀតហើយ ព្រោះអ្នកស្រាវជ្រាវជប៉ុនមួយក្រុម ដឹកនាំដោយលោកសាស្រ្តា​ចារ្យ Takuzo Aida នៅឯសកលវិទ្យាល័យតូក្យូ បានរកឃើញបច្ចេកវិទ្យាផលិតអេក្រង់ថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

បច្ចេកវិទ្យានោះ គឺបាបរកឃើញដោយចៃដន្យ នៅពេលដែលនិស្សិតម្នាក់កំពុងធ្វើការងារលើជ័រកាវមួយប្រភេទ។ តាមរយៈការងាររបស់និស្សិតរូបនោះ ក្រុមអ្នកស្រាវជ្រាវក៏លេចចេញនូវគំនិតថ្មីភ្លាមៗក្នុងការផលិតកញ្ចក់អេក្រង់មួយប្រភេទដែលអាចជួសជុសការប្រេះស្រាំ ឬបែកដោយខ្លួនរបស់វា។

យោងតាមក្រុមអ្នកស្រាវជ្រាវ អេក្រង់ថ្មីនោះប្រើប្រាស់នូវសារធាតុ Polymer ម្យ៉ាង ដែលក្រោយពីវារងនូវការខូចខាត លោកអ្នកគ្រាន់តែរុញបំណែកអេក្រង់ដែលបែកចេញពីគ្នាបញ្ចូលគ្នាវិញដោយដៃ បន្ទាប់មកបំណែកនោះ នឹងវិលទៅរកសភាពដើមវិញតែម្តង។

ទោះយ៉ាងណា បើតាមការពិសោធ វាត្រូវការពេលប្រហែលជាពីរម៉ោងដើម្បីភ្ជិតចិតមុខដំណរបញ្ចូលគ្នា ប៉ុន្តែ យ៉ាងណាក៏ប្រសើរជាងការយកទូរសព្ទទៅប្តូរអេក្រង់ថ្មី ត្រូវចំណាយទាំងលុយកាក់ និងពេលវេលានោះដែរ៕

មតិយោបល់