ព័ត៌មានបច្ចេកវិទ្យា

ផ្លូវការ! LG V30 នឹងបំពាក់កាមេរ៉ាមានសមត្ថភាពចាប់យកពន្លឺខ្ពស់បំផុត

កាលពីម្សិលមិញនេះ ក្រុមហ៊ុន LG បានឧទ្ទេសនាមភ្នែកកាមេរ៉ាស្មាតហ្វូនថ្មីមួយដែលមានសមត្ថភាពចាប់យកបាច់ពន្លឺក្នុងកម្រិតមួយខ្ពស់បំផុតក្នុងចំណោមកាមេរ៉ាស្មាតហ្វូនបច្ចុប្បន្ន ហើយវានឹងយកទៅបំពាក់លើកាមេរ៉ាក្រោយភ្លោះរបស់ទូរសព្ទ V30 ដែលនឹងប្រកាសចេញផ្លូវការថ្ងៃទី​ ៣១ ខែសីហា។

ភ្នែកកាមេរ៉ានោះគឺមានទំហំ Aperture f/1.6 ដែលវាអាចផ្តល់នូវពន្លឺដល់រូបភាពដែលផ្តិតចេញពីកាមេរ៉ារបស់ V30 ខ្ពស់ជាងកាមេរ៉ាដែលមានទំហំ Aperture f/1.8 ដល់ទៅ ២៥%។ ក្រុមហ៊ុន LG ក៏នឹងប្រើផងដែរនូវកញ្ចក់គ្រីស្ទាល់ថ្លាសម្រាប់បំពាក់ឱ្យភ្នែកកាមេរ៉ា ដែលវាអាចប្រមូលផ្តុំពន្លឺបានកាន់តែសុក្រិត និងច្បាស់ល្អធៀបទៅនឹងភ្នែកកាមេរ៉ាប្រើកញ្ចក់ជ័រ។

លោក Juno Cho នាយកទំនាក់ទំនងផ្នែកផលិតផលទូរសព្ទចល័តរបស់ក្រុមហ៊ុន LG បាននិយាយថា «កាមេរ៉ា V30 ត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាដែលឆ្លងកាត់ការច្នៃបង្កើតថ្មីដ៏អស្ចារ្យ»។ «វាមិនត្រឹមតែលើសពី V20 ប៉ុណ្ណោះទេ តែវាគឺឈរនៅលើលំដាប់ថ្នាក់កំពូលនៃកាមេរ៉ាស្មាតហ្វូននាពេលចប្ចុប្បន្នផងដែរ»។

បន្ថែមពីលើនេះ ក្រុមហ៊ុនបានឱ្យដឹងថា កាមេរ៉ា LG V30 ក៏មានភ្ជាប់មួយនូវបច្ចេកវិទ្យាឡាស៊ែរសម្រាប់តាមថតក្រិតលើរូបភាព, បច្ចេកវិទ្យាទប់លំនឹង OIS (Optical Image Stabilizaion) និង EIS (Electronic Image Stabilizaion) ថែមទៀតផង។

ទាំងនេះ បានជួយបង្កើនសមត្ថភាពនៃការផ្តិតយករូបភាពរបស់វាកាន់តែរហ័ស និងអាចកាត់បន្ថយភាពរីកទ្រុងទ្រាយនៃរូបភាពនៅគែមជុំវិញរូបថតបាន ៣៣% ព្រមជាមួយកម្រិតគុណភាពកាន់តែខ្ពស់ថែមមួយកម្រិតទៀត៕

LG V30 ត្រូវគេរាយការណ៍ថា នឹងអាចកម្ម៉ង់ទិញមុនប្រកាសចេញផ្លូវការ ថ្ងៃទី ៣១ សីហា

ប្រភពព័ត៌មានៈ phonearena

មតិយោបល់