ព័ត៌មានបច្ចេកវិទ្យា

រុស្ស៊ី គ្រោងសង់សណ្ឋាគារប្រណិតលើស្ថានីយ៍អវកាសអន្តរជាតិ

ខណៈសហរដ្ឋអាមេរិក គ្រោងនឹងផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅកាន់ទីលំហរអវកាស ប្រទេសរុស្ស៊ី បានប្រកាសពីគម្រោងស្ថាបនាសណ្ឋាគារលំដាប់ប្រណិតនៅលើស្ថានីយ៍អវកាសអន្តរជាតិ ISS (International Space Station) សម្រាប់អតិថិជនទាំងឡាយណាដែលហ៊ានចំណាយលុយដ៏ច្រើនសន្ធឹកសន្ឋាប់ក្នុងដំណើរកម្សាន្តទៅកាន់ទីនោះរយៈពេលខ្លី។

យោងតាមប្រភពពី Popular Mechanics ថ្លៃស្នាក់នៅសណ្ឋាគារនោះរយៈពេល ១ ឬ ២ សប្តាហ៍ អតិថិជននឹងត្រូវបង់ ៤០ លានដុល្លារអាមេរិក។ ក្នុងនោះ ២០ លានដុល្លារ សម្រាប់សេវានាំពួកគេចេញដើរក្នុងទីលំហរអវកាសជាមួយអវកាសយានិក។

សណ្ឋាគារនោះដែរ ត្រូវគេគ្រោងរចនាឱ្យមានបន្ទប់គេង ៤ រាងមូល ប្រវែងពីរម៉ែត្រគូប និងមានបង្អួចទំហំ ៩ អីុញ, បន្ទប់អនាម័យ និងឱសថ និងបន្ទប់សម្រាកលំហែកាយ ដែលមានបង្អួចទំហំ ១៦ អីុញ។

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុនម៉ៅការ RKK Energia របស់រុស្ស៊ី ការសាងសង់នឹងត្រូវចំណាយពេល ៥ ឆ្នាំ ហើយអ្នកដំណើរត្រូវបង់លុយកក់ ៤ លានដុល្លារ/ម្នាក់ជាមុនសិន។ ទោះយ៉ាងណា សណ្ឋាគារដែលមានតម្លៃស្នាក់នៅថ្លៃជាងគេបំផុតក្នុងលោកនេះ ត្រូវគេគ្រោងចាប់ទទួលភ្ញៀវនៅក្នុងឆ្នាំ ២០២៨៕

ប្រភពព័ត៌មានៈ engadget

 

 

 

 

មតិយោបល់